ប្រធានាធិបតីកូរ៉េខាងត្បូងសង្ឃឹមថា ការចូលរួមរបស់កូរ៉េខាងជើង នឹងជួយបន្ធូរបន្ថយភាពតានតឹងលើឧបទ្វីប

52

លោកប្រធានាធិបតីកូរ៉េខាងត្បូង មូនចេអ៊ីន បានសម្តែងក្តីសង្ឃឹមថា ការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងការប្រកួតនឹងជួយបន្ធូរបន្ថយភាពតានតឹងលើឧបទ្វីប ដែលត្រូវបានបង្កឡើងដោយការបង្កហេតុរបស់កូរ៉េខាងជើង។ លោកមូនក៏សង្ឃឹមផងដែរថា ទំនាក់ទំនងអន្តរកូរ៉េកាន់តែប្រសើរឡើង នឹងត្រួសត្រាយផ្លូវសម្រាប់ការដោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង និងសម្រាប់ការពិភាក្សាកាន់តែទូលំទូលាយរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។ ទោះបីជាកូរ៉េខាងត្បូង នឹងផ្តោតលើកិច្ចសហប្រតិបត្តិការអូឡាំពិកក្តី ក៏ពួកគេត្រូវបានគេរំពឹងថា នឹងពិភាក្សាពីមធ្យោបាយនានា ដើម្បីកែលម្អចំណងទាក់ទងអន្តរកូរ៉េ ដែលបានជាប់គាំងអស់ជាយូរមកហើយ។

ធាតុផ្សំនៃរបៀបវារៈទាក់ទងទៅនឹងព្រឹត្តិការណ៍អូឡាំពិក រួមមាន ថាតើគណៈប្រតិភូរបស់កូរ៉េខាងជើង នឹងធ្វើដំណើរតាមផ្លូវគោក ឬផ្លូវផ្សេងទៀត ហើយថាតើកូរ៉េទាំងពីរ នឹងដើរក្បួនរួមគ្នាក្រោមទង់ជាតិកូរ៉េតែមួយនៅពេលពិធីបើកនិងបិទនោះ។ ប្រសិនបើផ្លូវដែលឆ្លងកាត់ព្រំប្រទល់ ដែលត្រូវបានការពារយ៉ាងខ្លាំង ត្រូវបានជ្រើសរើសនោះ គួរតែមានការពិគ្រោះយោបល់រវាងអាជ្ញាធរយោធារបស់កូរ៉េទាំងពីរ។

បើសិនជាកូរ៉េខាងជើងបញ្ជូនក្រុមចំរៀង ឬក្រុមសិល្បៈសម្តែង និងច្រៀង ភាគីទាំងសងខាងក៏ត្រូវពិគ្រោះជាមួយព័ត៌មានលម្អិត ដូចជាផ្លូវធ្វើដំណើរ កន្លែងស្នាក់នៅ និងបញ្ហាសន្តិសុខ។ ទាក់ទងនឹងទំនាក់ទំនងអន្តរកូរ៉េទីក្រុងសេអ៊ូល ត្រូវបានគេរំពឹងថា នឹងបញ្ជាក់ពីភាពបន្ទាន់នៃការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា និងដោះស្រាយបញ្ហាគ្រួសារ ដែលបែកបាក់គ្នាដោយសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣ តាមរយៈការបន្តសំណើសន្តិភាព នៅខែកក្កដា។

នៅខែកក្កដាឆ្នាំមុន កូរ៉េខាងត្បូងបានស្នើឱ្យមានកិច្ចចរចាយោធា ស្តីពីការបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែន និងការរៀបចំកិច្ចប្រជុំកាកបាទក្រហម ដើម្បីពិភាក្សាអំពីការជួបជុំគ្រួសារ ដែលបែកបាក់គ្នា។ ប្រទេសកូរ៉េខាងជើង មិនបានឆ្លើយតបទៅនឹងសំណើរបស់ក្រុងសេអ៊ូលទេ។

នៅពេលសួរថាតើបញ្ហាគ្មានអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង អាចត្រូវបានលើកឡើងនៅក្នុងកិច្ចពិភាក្សាដែរឬទេ លោក Baik Tae-hyun អ្នកនាំពាក្យនៅក្រសួងបង្រួបបង្រួមរបស់ក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃចន្ទថា កូរ៉េទាំងពីរគ្រោងនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអូឡាំពិក និងបញ្ហាពាក់ព័ន្ធគ្នាទៅវិញទៅមក។

កូរ៉េខាងជើងអាចនឹងធ្វើការអំពាវនាវឱ្យកូរ៉េខាងត្បូង និងអាម៉េរិក បញ្ឈប់ការធ្វើសមយុទ្ធយោធារួមគ្នា ដែលក្រុងព្យុងយ៉ាងបានប្រកាសជាយូរមកហើយថា ជាការហាត់សមសង្រ្គាម។ ក្រុមអ្នកជំនាញបាននិយាយថា កូរ៉េខាងជើងក៏អាចទាមទារឱ្យកូរ៉េខាងត្បូង ដកទណ្ឌកម្មសេដ្ឋកិច្ចរបស់ខ្លួន និងបន្តគម្រោងសេដ្ឋកិច្ចអន្តរកូរ៉េ ជាថ្នូរនឹងការចូលរួមក្នុងការប្រកួតកីឡារដូវរងារ។

កូរ៉េខាងត្បូងបានបិទតំបន់ឧស្សាហកម្មអន្តរកូរ៉េនៅទីក្រុង Kaesong នៃប្រទេសកូរ៉េខាងជើង កាលពីឆ្នាំ ២០១៦ និងបានផ្អាកកម្មវិធីទេសចរណ៍រួមមួយ នៅភ្នំគុមហ្គាង កាលពីឆ្នាំ២០០៨។ ការបន្តប្រតិបត្តិការនៅឯតំបន់ឧស្សាហកម្ម និងគម្រោងដំណើរទស្សនកិច្ចនេះ អាចបង្កឱ្យមានការរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានបំណងទប់ស្កាត់ការហូរចូលនៃរូបិយប័ណ្ណរឹងទៅឱ្យកូរ៉េខាងជើង។

លោក Yang Moo-jin សាស្ត្រាចារ្យម្នាក់នៅឯសកលវិទ្យាល័យកូរ៉េខាងជើង បាននិយាយថា ការចរចាកម្រិតកំពូលអាចថា ជោគជ័យ ប្រសិនបើកូរ៉េខាងជើងយល់ព្រមចូលរួមក្នុងកីឡានេះ ហើយភាគីទាំងពីរកំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំបន្ទាប់ និងកំណត់ជំហររបស់គ្នាទៅវិញទៅមកលើបញ្ហាទាំងនោះ៕