កូរ៉េខាងជើងមិនទាន់បានបង្ហាញពីប្រតិកម្មណាមួយ ចំពោះការស្នើសុំចរចាពីកូរ៉េខាងត្បូង

31

ក្រុមមន្ត្រីក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងជើងមិនទាន់ឆ្លើយតបទៅនឹងការស្នើសុំចុងក្រោយរបស់កូរ៉េខាងត្បូង សម្រាប់ការចរចាកម្រិតកំពូលនៅឡើយទេ បន្ទាប់ពីមេដឹកនាំរបស់ខ្លួនលោក គីម ជុងអ៊ុន បានបើកដំណើរការឡើងវិញនូវប្រព័ន្ធទូរស័ព្ទទំនាក់ទំនងទាន់ហេតុការណ៍ជាមួយទីក្រុងសេអ៊ូល។

កាលពីថ្ងៃអង្គារ ប្រទេសកូរ៉េខាងត្បូងបានស្នើសុំឲ្យមានកិច្ចចរចាអន្តរកូរ៉េ មួយសប្តាហ៍ក្រោយមកនៅឯតំបន់ព្រំដែន Panmunjom ដើម្បីពិភាក្សាអំពីការចូលរួមសក្តានុពលរបស់កូរ៉េខាងជើង នៅក្នុងការប្រកួតអូឡាំពិក PyeongChang និងវិធីដើម្បីពង្រឹងទំនាក់ទំនងរបស់ពួកគេឡើងវិញ ដើម្បីបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។

មន្រ្តីសម្របសម្រួលរបស់កូរ៉េខាងត្បូងមួយរូប បានព្យាយាមទាក់ទងកូរ៉េខាងជើងតាមរយៈខ្សែទូរស័ព្ទមួយដែលបានដំឡើងនៅឯតំបន់គ្មានជម្លោះ ប៉ុន្តែមិនមាននរណាឆ្លើយតបទេ អស់រយៈពេល២ថ្ងៃជាប់ៗគ្នានេះ។ នេះបើយោងតាមក្រសួងបង្រួបបង្រួមរបស់ក្រុងសេអ៊ូល។ កូរ៉េខាងជើងបានកាត់ផ្តាច់បណ្តាញទំនាក់ទំនងអន្តរកូរ៉េប្រព័ន្ធខ្សែរទូរស័ព្ទពីរខ្សែ រួមទាំងខ្សែទូរស័ព្ទយោធានៅខែកុម្ភៈ ឆ្នាំ២០១៦ នៅក្នុងការតវ៉ាទៅនឹងការបិទតំបន់ឧស្សាហកម្មរួមគ្នាមួយរបស់ទីក្រុងសេអ៊ូល។

នៅថ្ងៃចូលឆ្នាំថ្មីមេដឹកនាំកូរ៉េខាងជើងលោកគីម បាននិយាយថា ប្រទេសរបស់លោកមានឆន្ទៈបញ្ជូនគណៈប្រតិភូទៅចូលរួមការប្រកួតកីឡាអូឡាំពិក ដែលនឹងត្រូវរៀបចំឡើងនៅកូរ៉េខាងត្បូង និងបើកចំហរការចរចារអន្តរកូរ៉េ ស្តីពីបញ្ហានេះ។ ក្នុងការឆ្លើយតបទៅនឹងសុន្ទរកថារបស់លោកគីម ក្រសួងការបរទេសអាមេរិក បានបង្ហាញពីភាពរីករាយតិចតួចណាស់ សម្រាប់កិច្ចចរចានេះ ដោយបង្ហាញពីការសង្ស័យអំពីភាពស្មោះត្រង់របស់លោកគីម៕