កូរ៉េខាងជើងផ្តល់ដំបូន្មានដល់អាមេរិក ឱ្យបោះបង់ចោលនូវក្តីស្រមៃរបស់ខ្លួន

44

ប្រទេសកូរ៉េខាងជើង បានឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មចុងក្រោយរបស់ក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងប្រទេសនេះ ដែលបានអនុម័តជាឯកច្ឆ័ន្ទដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជុំវិញការបាញ់មីស៊ីលផ្លោង កាលពីពេលថ្មីៗនេះ ដោយបានអះអាងថា វាមានសមត្ថភាពអាចបាញ់ទៅដល់គ្រប់ទីកន្លែងនៅលើទឹកដីសហរដ្ឋអាមេរិក។

ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់ប្រទេសនេះថា ប្រសិនបើសហរដ្ឋអាមេរិក មានបំណងចង់រស់នៅដោយសុវត្ថិភាពនោះ ខ្លួនត្រូវតែបោះបង់ចោលគោលនយោបាយអរិភាពរបស់ខ្លួន ចំពោះកូរ៉េខាងជើង ហើយរៀនរួមរស់គ្នាជាមួយប្រទេស ដែលមានអាវុធនុយក្លេអ៊ែរ ហើយគួរតែក្រោកចេញពីសុបិនពីប្រទេសរបស់យើង ដែលចង់ឲ្យបោះបង់អាវុធនុយក្លេអ៊ែរ ដែលយើងបានខិតខំអភិវឌ្ឍយ៉ាងលំបាក និងបានបញ្ចប់ការផលិតគ្រាប់ដោយជោគជ័យ។

សេចក្តីថ្លែងការណ៍ដដែលបានឲ្យដឹងថា យើងកំណត់និយមន័យនៃដំណោះស្រាយទណ្ឌកម្ម ដែលបានធ្វើឡើងដោយអាមេរិក និងអ្នកគាំទ្ររបស់ខ្លួនដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពសាធារណរដ្ឋរបស់យើង ជាទង្វើមួយចង់បង្កសង្គ្រាម ដែលរំលោភលើសន្តិភាព និងស្ថិរភាពលើឧបទ្វីបកូរ៉េ និងនៅក្នុងតំបន់ ហើយយើងបដិសេធយ៉ាងដាច់អហង្ការចំពោះដំណោះស្រាយនោះ ដែលជាការបិទផ្លូវសេដ្ឋកិច្ចទាំងស្រុងរបស់ទីក្រុងព្យុងយ៉ាង។

ទោះយ៉ាងណាក៏ដោយសេចក្តីព្រាងដំបូងនៃសេចក្តីសម្រេចចិត្ត ដែលត្រូវបានស្នើសុំដោយរដ្ឋបាលលោកត្រាំ បានបញ្ជាក់គោលនយោបាយកាន់តែតឹងរឹងទៅកាន់ក្រុងព្យុងយ៉ាង ដោយហាមឃាត់រាល់ការនាំចូលប្រេងនិងបង្កងទ្រព្យសម្បត្តិអន្ដរជាតិរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងមន្ត្រីរដ្ឋាភិបាលរបស់ប្រទេសនេះ។

សូមបញ្ជាក់ថា​ ប្រទេសកូរ៉េខាងជើង បានប្រតិកម្មចំពោះឯកសារនេះ ដោយច្រានចោលការដាក់ទណ្ឌកម្មថ្មីៗ ហើយចាត់ទុកពួកគេថា ជាទង្វើបង្កសង្គ្រាម ដោយបន្ថែមថា អាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ គឺទុកដើម្បីការការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងរបស់អាមេរិក និងការគំរាមកំហែងពីបណ្តាប្រទេសផ្សេងទៀត៕