Update: ព្យុះត្រូពិច Tembin នៅហ្វីលីពីន សម្លាប់មនុស្សជាង ១៨០នាក់ នៅលើកោះមីនដាណាវ

30

ព្យុះត្រូពិចមួយបានវាយប្រហារនៅភាគខាងត្បូងប្រទេសហ្វីលីពីន ដែលបានបណ្តាលឲ្យមនុស្សជាង ១៨០នាក់បានស្លាប់ ខណៈដែលមនុស្សរាប់សិបនាក់ផ្សេងទៀត កំពុងតែបាត់ខ្លួន។ ហើយខ្យល់ព្យុះ Tembin បាននាំទឹកជំនន់ និងការរអិលបាក់ នៅកោះមីនដាណាវ។

ព្យុះ Tembin ដែលមានល្បឿន ៨០គីឡូម៉ែត្រ/ម៉ោង (៥០ម៉ែល/ម៉ោង) បានឆ្លងកាត់កោះមីនដាណាវ ហើយបានទៅដល់កោះរមណីយដ្ឋាន Palawan ហើយឥឡូវនេះ នឹងបន្តឆ្ពោះទៅភាគខាងលិច។ ប្រទេសហ្វីលីពីនតែងតែទទួលរងនូវព្យុះត្រូពិកយ៉ាងធ្ងន់ធ្ងរ ទោះបីជាកោះមីនដាណាវមិនត្រូវបានវាយប្រហារជាញឹកញាប់ក៏ដោយ។

ខ្យល់ព្យុះ Tembin បានបោកបក់ជាលើកទីពីរនៅលើកោះ Balabac នៅក្នុងប្រជុំកោះ Palawan ហើយត្រូវបានគេព្យាករណ៍ថា នឹងធ្វើដំណើរទៅភាគខាងលិចខាងត្បូងកោះ Spratly រហូតដល់វៀតណាមខាងត្បូង ប្រហែលជាបីថ្ងៃ។

សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន ខ្យល់ព្យុះត្រូពិច Kai-Tak បានបោកបក់មកលើភាគកណ្ដាលប្រទេសហ្វីលីពីន ដោយសម្លាប់មនុស្សរាប់សិបនាក់។ ដោយឡែក ព្យុះទីហ្វុងហៃយ៉ាន ដែលបានសម្លាប់មនុស្សជាង ៥.០០០នាក់ និងប៉ះពាល់ដល់មនុស្សរាប់លាននាក់ កាលពីក្នុងឆ្នាំ២០១៣៕