លោក គីម ជុងអ៊ុន សន្យាថា នឹងធ្វើឱ្យកូរ៉េខាងជើង ក្លាយជាមហាអំណាចនុយក្លេអ៊ែរខ្លាំងបំផុត

57

ភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើងបានឲ្យដឹងនៅថ្ងៃពុធនេះថា មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអួតនៅក្នុងសន្និសីទការពារជាតិនាពេលថ្មីៗនេះថា ការបាញ់បង្ហោះមីស៊ីលឆ្លងទ្វីបរបស់លោក កាលពីពេលថ្មីៗនេះ គឺជាជ័យជម្នះជាប្រវត្តិសាស្ត្រដ៏អស្ចារ្យ ហើយបានសន្យាថា នឹងធ្វើឱ្យកូរ៉េខាងជើងក្លាយជាមហាអំណាចនុយក្លេអ៊ែរខ្លាំងបំផុត នៅក្នុងពិភពលោក។

លោកគីមបានប្រកាសយ៉ាងម៉ឺងម៉ាត់ថា ការអភិវឌ្ឍប្រព័ន្ធអាវុធយុទ្ធសាស្រ្តថ្មី រួមទាំងគ្រាប់បែក A-bomb, H-bomb និងមីស៊ីល ICBM Hwasong-15 ដែលបញ្ចប់ការផលិតកម្លាំងនុយក្លេអ៊ែរ ដោយទទួលបានជ័យជំនះជាប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់គណបក្ស និងប្រជាជននៃប្រទេសរបស់យើង។

លោកគីមបានលើកទិសដៅឆ្ពោះទៅមុខ ដើម្បីជំរុញឱ្យកូរ៉េខាងជើងក្លាយជាមហាអំណាចនុយក្លេអ៊ែរ និងអំណាចយោធាដ៏ខ្លាំងក្លាបំផុតនៅក្នុងពិភពលោកនេះ។ ហើយលោកបានកំណត់គោលដៅរយៈពេលវែង និងភារកិច្ចជាយុទ្ធសាស្រ្ត ដែលត្រូវបានបំពេញ ដើម្បីអភិវឌ្ឍឧស្សាហកម្មការពារជាតិដែលទំនើបបំផុតនៅក្នុងសតវត្សរ៍ទី២១ នៅក្នុងគោលបំណងការពារដោយខ្លួនឯង។

លោកគីមបានសម្តែងនូវជំនឿថា អ្នកវិទ្យាសាស្ត្រនៃឧស្សាហកម្មការពារជាតិ និងកម្មករផលិតគ្រាប់កាំភ្លើងនឹងបង្កើនកម្លាំងនុយក្លេអ៊ែរ នៅក្នុងគុណភាព និងបរិមាណផលិតអាវុធ និងឧបករណ៍ថ្មីៗ នៃរចនាបថកូរ៉េហើយនឹងបំពេញបេសកកម្ម និងកាតព្វកិច្ចរបស់ពួកគេបានយ៉ាងល្អបំផុត។

លោកក៏បាននិយាយផងដែរថា ឧស្សាហកម្មការពារជាតិ នឹងបន្តអភិវឌ្ឍ ហើយយើងនឹងទទួលជ័យជម្នះនៅក្នុងការប្រយុទ្ធប្រឆាំងជាមួយពួកចក្រពត្តិនិយម និងសហរដ្ឋអាមេរិក ដោយសន្យាថា នឹងបន្តកិច្ចខិតខំប្រឹងប្រែងសម្រាប់ការកសាងយោធា។ នៅក្នុងអំឡុងថ្ងៃចុងក្រោយនៃសន្និសីទលោកគីម បានសរសើរអ្នកវិទ្យាសាស្ត្រ ដែលបានបង្កើតមីស៊ីលផ្លោងអន្តរទ្វីប Hwasong-15 និងរៀបចំពិធីជប់លៀង ដើម្បីអបអរសាទរការបាញ់មីស៊ីល កាលពីថ្ងៃទី២៩ ខែវិច្ឆិកាកន្លងទៅ៕ ដោយ៖ Rush News