នៅឆ្នាំ២០១៨ កូរ៉េខាងជើងទំនងជានឹងស្វែងរកលទ្ធភាពចរចាជាមួយអាមេរិក

36

ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា កូរ៉េខាងជើងទំនងជានឹងស្វែងរកលទ្ធភាពនៃកិច្ចចរចាគ្នាជាមួយសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៨ នៅពេលដែលរដ្ឋកុម្មុយនិស្តមួយនេះ ព្យាយាមស្វែងរកឋានៈជាអ្នកកាន់កាប់អាវុធនុយក្លេអ៊ែរ។

ក្រសួងនេះបានឱ្យដឹងក្នុងការព្យាកររបស់ខ្លួន ចំពោះកូរ៉េខាងជើង នៅឆ្នាំ២០១៨ ថា កូរ៉េខាងជើងអាចបន្តជំរុញសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ខណៈកំពុងស្វែងរកការគាំទ្រពីខាងក្រៅ។ នៅក្នុងការស្វែងរកការទទួលស្គាល់ឋានៈរបស់ខ្លួនជា រដ្ឋដែលមានអាវុធនុយក្លេអ៊ែរពិតប្រាកដ។ ហើយកូរ៉េខាងជើង នឹងស្វែងរកលទ្ធភាពនៃការចរចាជាមួយសហរដ្ឋអាមេរិក។

ដូចគ្នានេះដែរ កូរ៉េខាងជើងក៏ទំនងជាព្យាយាមទាក់ទងជាមួយកូរ៉េខាងត្បូង ដើម្បីស្តារទំនាក់ទំនងអន្តរកូរ៉េនៅឆ្នាំក្រោយផងដែរ។ ក្រសួងបានបន្ថែមថា ក្រសួងនឹងពិនិត្យមើលយ៉ាងជិតស្និទ្ធនូវការថ្លែងសន្ទរកថាឆ្នាំថ្មីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅថ្ងៃទី១ ខែមករា ខាងមុខនេះ ដើម្បីពិនិត្យមើលថាតើវាបង្ហាញពីលទ្ធភាពបែបនេះដែរទេ។ នៅឆ្នាំក្រោយកូរ៉េខាងជើងត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមទទួលរងសម្ពាធនៃការដាក់ទណ្ឌកម្មអន្តរជាតិ និងទ្វេភាគីលើកម្មវិធីមីស៊ីលនុយក្លេអ៊ែររបស់ប្រទេសនេះ។

បើតាមក្រសួងការបរទេសបាននិយាយថា កូរ៉េខាងជើងត្រូវបានគេព្យាករណ៍ថា នឹងបង្កើនការខិតខំប្រឹងប្រែងដើម្បីទ្រទ្រង់ (ផលប៉ះពាល់នៃទណ្ឌកម្ម) ដោយរឹតបន្តឹងការគ្រប់គ្រងសង្គម និងលើកកម្ពស់ប្រជាជនរបស់ខ្លួន សម្រាប់ការកសាងសេដ្ឋកិច្ច។ វាបានព្យាករណ៍ថា ផលប៉ះពាល់ខាងសេដ្ឋកិច្ចជុំវិញទណ្ឌកម្មនឹងចាប់ផ្តើមបង្ហាញនៅឆ្នាំ២០១៨ ដោយផលប៉ះពាល់ រួមទាំងការកាត់បន្ថយទំហំពាណិជ្ជកម្ម និងលំហូរចូលរូបិយប័ណ្ណបរទេស ក៏ដូចជា ការកាត់បន្ថយផលិតកម្មនៅក្នុងផ្នែកនីមួយៗនៃសេដ្ឋកិច្ចផង៕