អាមេរិកត្រៀមខ្លួនជាស្រេច ដើម្បីចរចាជាមួយកូរ៉េខាងជើង បើសិនមេដឹកនាំរបបនេះមានឆន្ទៈ

29

លោករដ្ឋមន្ត្រីការបរទេសអាម៉េរិក Rex Tillerson បាននិយាយកាលពីថ្ងៃអង្គារថា ក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាជាមួយកូរ៉េខាងជើងនៅពេលណាក៏បាន ក៏ប៉ុន្តែលុះត្រាតែមេដឹកនាំរបបនេះ មានឆន្ទៈពិតប្រាកដ ដើម្បីបង្កើតជម្រើសផ្សេងគ្នា លើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។

លោកបានប្រាប់វេទិកាមួយថា «យើងត្រៀមខ្លួនជាស្រេច ដើម្បីចរចានៅពេលណាក៏បានដែរ ឲ្យតែពួកគេចង់ពិភាក្សា ប៉ុន្តែពួកគេត្រូវចូលមកតុចរចាជាមុនសិន ដោយមានទស្សនៈថា ពួកគេចង់ធ្វើឱ្យមានជម្រើសផ្សេង។

ភាពតានតឹងបានកើនឡើង បន្ទាប់ពីមានការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីបចុងក្រោយបំផុតរបស់កូរ៉េខាងជើង ដែលខ្លួនអះអាងថា មានសមត្ថភាពបញ្ជូនក្បាលគ្រាប់អាវុធនុយក្លេអ៊ែរ ដែលអាចវាយប្រហារទៅលើទឹកដីសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ លោក Tillerson បានកត់សម្គាល់ថា ការត្រៀមខ្លួនខាងយោធារបស់យើងរឹងមាំណាស់។

មន្ត្រីការទូតជាន់ខ្ពស់រូបនេះ បាននិយាយថា លោកនឹងបន្តកិច្ចខិតខំប្រឹងប្រែងការទូតជាមួយកូរ៉េខាងជើង រហូតទាល់តែគ្រាប់បែកដំបូងបានធ្លាក់ផ្ទុះដល់ដី ហើយលោកជឿជាក់ថា លោកនឹងទទួលបានជោគជ័យ។ ម្យ៉ាងវិញទៀត បើចាំបាច់បំផុត រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Jim Mattis នឹងចាត់វិធានការ ហើយលោកក៏នឹងទទួលជោគជ័យផងដែរ៕ ដោយ៖ Rush News