មេដឹកនាំកូរ៉េខាងជើង ជំរុញឱ្យប្រជាជនពង្រឹងខ្លួនឯង ដើម្បីទប់ទល់នឹងផលប៉ះពាល់សេដ្ឋកិច្ច

42

ក្រុមអ្នកជំនាញបាននិយាយថា នៅឆ្នាំ២០១៨នេះ លោកគីមបានជំរុញឱ្យប្រជាជនកូរ៉េខាងជើងពង្រឹងខ្លួនឯង ដើម្បីទប់ទល់នឹងផលប៉ះពាល់សេដ្ឋកិច្ច ដោយសារតែការដាក់ទណ្ឌកម្មពីអន្តរជាតិកាន់តែខ្លាំងឡើង។ 

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើងជាបន្តបន្ទាប់ទៅលើទីក្រុងព្យុងយ៉ាង ដែលរួមមានទាំងការកាត់បន្ថយការនាំចេញផលិតផលប្រេងឥន្ធនៈឱ្យទៅកូរ៉េខាងជើង រហូតដល់ ៩០ភាគរយឯណោះ។ ក្រុមអ្នកវិភាគនិយាយថា ការដាក់ទណ្ឌកម្មបែបនេះ អាចប៉ះពាល់ខ្លាំងនៅឆ្នាំនេះ។

មេដឹកនាំកូរ៉េខាងជើង កំពុងស្វែងរកការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ជុំវិញបញ្ហាអាវុធនុយក្លេអ៊ែរ និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលត្រូវបានគេស្គាល់ជាទូទៅថា ជាគោលនយោបាយ “Byongjin” ដោយផ្តោតទៅលើកម្មវិធីមីស៊ីល ជាជាងសេដ្ឋកិច្ច។ ដូច្នេះហើយនៅក្នុងវិស័យសេដ្ឋកិច្ចគឺកូរ៉េខាងជើងមិនមានភាពជឿនលឿនទេ ចាប់តាំងពីគាត់បានបង្ហាញពីយុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅសមាជគណបក្ស កាលពីខែឧសភា ឆ្នាំ២០១៦។

បើតាមលោក Ken Gause អ្នកវិភាគជាន់ខ្ពស់នៅសហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅ CNA Corp បាននិយាយថា កូរ៉េខាងជើងអាចទទួលបានជ័យជំនះនៅឆ្នាំ២០១៧ ដោយសារតែភាពជឿនលឿននៃការការអភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែរ។ ហើយលោកគីមនឹងត្រូវចាប់ផ្តើមបង្ហាញពីភាពជឿនលឿនទៅលើសេដ្ឋកិច្ច ដើម្បីបង្ហាញភាពស្មោះត្រង់របស់លោក ជាមេដឹកនាំដ៏រឹងមាំម្នាក់។ ដូច្នេះភាពស្របច្បាប់របស់លោក គីម ជុងអ៊ុន ត្រូវបានចងភ្ជាប់យ៉ាងជិតស្និទ្ធជាមួយគោលនយោបាយជោគជ័យ មិនដូចឪពុក និងជីតារបស់គាត់ទេ៕