ប្រធានាធិបតីបារាំងប្រកាសកែប្រែច្បាប់គ្រប់គ្រងសារព័ត៌មាន ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ

45

ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសផែនការសម្រាប់កែប្រែច្បាប់គ្រប់គ្រងសារព័ត៌មានថ្មីមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ជាពិសេសនៅក្នុងអំឡុងពេលបោះឆ្នោត។ លោកបាននិយាយជាសាធារណៈអំពីអ្វីដែលលោកមើលឃើញថា កន្លងមកនោះ ទីក្រុងម៉ូស្គូត្រូវបានគេចោទប្រកាន់ថា បានលួចជ្រៀតជ្រែកនៅក្នុងកិច្ចផ្ទៃ ក្នុងនៅក្នុងទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក នាអំឡុងពេលបោះឆ្នោត។

លោកបាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយសង្គមនឹងប្រឈមមុខនឹងច្បាប់ ចំពោះខ្លឹមសារណា ដែលពួកគេបានដាក់បង្ហោះលើអ៊ីនធឺណែត ដោយមិនមានប្រភពច្បាស់លាស់ និងត្រឹមត្រូវតាមខ្លឹមសារដើម។ ការរឹតបន្តឹងច្បាប់សារព័ត៌មាននេះ ដោយសារកន្លងមកមានអ្នកបំពុលសង្គម និងប្រឌិតឡើង ដោយការកុហក ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ជំនឿរបស់ប្រជាពលរដ្ឋនៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ។

លោកបន្តថា គណនីឃោសនារាប់ពាន់នៅលើបណ្តាញសង្គម កំពុងតែរីករាលដាលនៅទូទាំងពិភពលោក នៅក្នុងគ្រប់ភាសា និងការកុហកផងដែរ ដែលធ្វើឱ្យខូចដល់មន្ត្រីនយោបាយ បុគ្គលិក តួអង្គសាធារណៈ និងអ្នកសារព័ត៌មានផង។ ជាការឆ្លើយតបលោកបានស្នើឱ្យដាក់វិធានការតឹងរ៉ឹងលើប្រព័ន្ធផ្សព្វផ្សាយសង្គម អំពីការបង្ហាញពីប្រភពនៃមាតិកាព័ត៌មានជាក់ស្តែង។ យើងនឹងអភិវឌ្ឍប្រព័ន្ធច្បាប់របស់យើងដើម្បីការពារលទ្ធិប្រជាធិបតេយ្យពីព័ត៌មានក្លែងក្លាយនេះ។

សូមបញ្ជាក់ថា ចាប់តាំងពីពេល RT បានបង្កើតទូរទស្សន៍ផ្សាយភាសាបារាំង លោកម៉ាក្រុងបានធ្វើការរិះគន់ប្រព័ន្ធផ្សព្វផ្សាយរុស្សី RT និង Sputnik នៅក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីខែឧសភា ដោយចោទប្រកាន់ពួកគេថា បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ៕