កូរ៉េខាងជើងចាប់ផ្តើមធ្វើសន្និសីទការពារជាតិ ដោយអំពាវនាវឱ្យបង្កើនកម្លាំងនុយក្លេអ៊ែរបន្ថែមទៀត

37

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង បាននិយាយនៅថ្ងៃអង្គារនេះថា កូរ៉េខាងជើងបានចាប់ផ្តើមសន្និសីទការពារជាតិមួយ ដែលមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច បានអំពាវនាវឱ្យបង្កើនកម្លាំងនុយក្លេអ៊ែររបស់ខ្លួនបន្ថែមទៀត។

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បាននិយាយថា សន្និសីទលើកទី៨ នៃឧស្សាហកម្មគ្រឿងសព្វាវុធ ដែលបានប្រារព្ធធ្វើនៅទីក្រុងព្យុងយ៉ាង ដើម្បីពិនិត្យមើលសមិទ្ធផល និងដើម្បីពិភាក្សាពីវិធានការសម្រាប់ការបើកចំហរពេលវេលាដ៏រុងរឿងនៃឧស្សាហកម្មការពារជាតិ។

យោងតាមរបាយការណ៍របស់ KCNA បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចូលរួមសន្និសីទនេះ កាលពីថ្ងៃចន្ទ រួមជាមួយលោក ថេជុងស៊ូ អនុប្រធានគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ។ ពួកគេក៏បាននិយាយផងដែរថា សន្និសីទនេះ ដោយផ្តោតទៅលើមីស៊ីលផ្លោងអន្តរទ្វីប Hwasong-15 ដែលប្រទេសនេះ បានបាញ់បង្ហោះ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា។

នៅក្នុងបទបង្ហាញរបស់លោកនៅឯសន្និសីទនោះ មន្ត្រីគណបក្សបាននិយាយថា កូរ៉េខាងជើងបានចូលរួមយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំនៃមហាអំណាចនុយក្លេអ៊ែរ និងយោធា ដោយអរគុណដល់អ្នកស្នេហាជាតិរបស់មេដឹកនាំលោកគីម។ លោកថេក៏បាននិយាយផងដែរថា ឧស្សាហកម្មការពារជាតិ គួរតែបន្តពង្រឹងកម្លាំងនុយក្លេអ៊ែររបស់រដ្ឋ ទាំងផ្នែកបរិមាណ និងគុណភាព។

ប្រទេសកូរ៉េខាងជើងបានដាក់មូលដ្ឋានគ្រឹះ និងបច្ចេកទេសដ៏រឹងមាំនៅក្នុងវិស័យស្រាវជ្រាវអាវុធនុយក្លេអ៊ែរដើម្បីផលិតអាវុធនុយក្លេអ៊ែរគ្រប់ប្រភេទ។ ដូច្នេះរបកគំហើញដ៏សំខាន់មួយ ត្រូវបានបង្កើតឡើងសម្រាប់ការអភិវឌ្ឍអាវុធយុទ្ធសាស្ត្រ ដោយបានស្រាវជ្រាវ និងបញ្ចប់ការផលិតបច្ចេកវិទ្យា និងវត្ថុធាតុដើម ដែលជាកម្មសិទ្ធិផ្តាច់មុខរបស់បណ្តាប្រទេស ដែលអះអាងថា ជាមហាអំណាចយោធានៅក្នុងវិស័យរ៉ុក្កែត។

ដោយសំដៅទៅលើមេដឹកនាំលោកអនុប្រធានរូបនេះ ក៏បាននិយាយផងដែរថា លោកគីមជុងអ៊ុន បានកំណត់ទិសដៅយុទ្ធសាស្រ្ត ក្នុងពេលដំណាលគ្នា ក្នុងការជំរុញទៅមុខការស្ថាបនាសេដ្ឋកិច្ច និងការកសាងកម្លាំងនុយក្លេអ៊ែរ និងបានផ្តល់នូវមូលដ្ឋានច្បាប់ សម្រាប់ការជំរុញកម្លាំងនុយក្លេអ៊ែរ។ លោកបាននិយាយបន្ថែមថា នេះបានក្លាយជាចំណុចប្រវត្តិសាស្ត្រមួយ ក្នុងការធ្វើឱ្យកូរ៉េខាងជើង ឋិតនៅលើស្ថានភាពអាវុធនុយក្លេអ៊ែរ ដែលគ្មានអ្វីប្រៀបផ្ទឹម និងពន្លឿនជ័យជម្នះចុងក្រោយ ក្នុងការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក។

លោកថេក៏បាននិយាយអំពីការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយផងដែរ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដោយនិយាយថា វាគឺជាជ័យជម្នះដ៏អស្ចារ្យរបស់ប្រទេសខ្លួន ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលត្រូវបានកត់ត្រាយ៉ាងពិសេសនៅក្នុងប្រវត្តិសាស្ត្រ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុវត្តបុព្វហេតុជាប្រវត្តិសាស្រ្តនៃការបញ្ចប់កម្លាំងនុយក្លេអ៊ែររបស់រដ្ឋ៕ ដោយ៖ Rush News