មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មី១ទៀតរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បើកការដ្ឋានសាងសង់ជាផ្លូវការហើយក្នុងខេត្តព្រះសីហនុ

49

គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មី១ទៀតរបស់ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប
បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយក្នុងខេត្តព្រះសីហនុដើម្បីចូលរួមឆ្លើយតបទៅនឹង តម្រូវការស្នាក់នៅបែបប្រណិតៗដល់ភ្ញៀវទេសចរ។

ថ្លែងក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ព្រីនស៍ ស៊ីធី សេនធើ ដំណាក់កាលទី១ នាថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៨នេះ នៅក្រុងព្រះសីហនុ លោក លី មិញ អគ្គនាយកក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានលើកឡើងថា ការបើកការដ្ឋានគម្រោង ដំណាក់កាលទី១ ព្រីនស៍ ស្មាតហ្គាដិន នៅក្នុងក្រុងព្រះសីហនុ នាពេលនេះ គឺដើម្បីត្រៀមខ្លួនចូលរួមឆ្លើយតបទៅនឹងតម្រូវការស្នាក់នៅរបស់ភ្ញៀវទេសចរបរទេស និង
ក្នុងស្រុកអោយទទួលបាននូវកន្លែងស្នាក់នៅបែបប្រណិតៗដោយវត្តមានរបស់គម្រោងនេះ ក៏នឹងចូលរួមលើកកម្ពស់មុខមាត់ខេត្តព្រះសីហនុផងដែរតាមរយៈការផ្តល់ជូននៅបដិសណ្ឋា កិច្ចបែបអន្តរជាតិទៅដល់ភ្ញៀវទេសចរ។

លោកបញ្ជាក់ថាគម្រោងនេះនឹងក្លាយជាទីតាំងនិមិត្តសញ្ញាដ៏ថ្មីស្រឡាងមួយទៀតក្នុងក្រុង
ព្រះសីហនុដែលមានរួមបញ្ចូលនូវលំនៅដ្ឋានប្រណិតៗការិយាល័យលំដាប់ខ្ពស់ដំណើរ កម្សាន្ត លក្ខណៈពាណិជ្ជកម្ម ការទិញទំនិញ និងការលម្ហែកាយពេលវិស្សមកាល ផងដែរ។

លោកបន្តថា ព្រីនស៍ ស៊ីធី សេនធើ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវឯករាជ្យ ដែលជាតំបន់សំខាន់នៃក្រុងព្រះសីហនុ ពោលគឺជិតទៅនឹងសណ្ឋាគារផ្កាយ៥ ព្រីនស៍ ថាម ហូថេល ដែលមានចម្ងាយតែ ៨០០ ម៉ែត្រ ពីរង្វង់មូលតោពីរ។ “ព្រីនស៍ ស្មាតហ្គាដិន” ដែលជាការដ្ឋានដំណាក់កាលទី១នេះគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ២៤,៨០០ ម៉ែត្រការ៉េ និងមានក្រឡាផ្ទៃសំណង់សរុបចំនួន ៧៩,៣៤២ ម៉ែត្រការ៉េ ក្នុងនោះរួមមានអគារខុនដូចំនួន ៣ និងអគារផ្លាស្សាចំនួន ១ បំពាក់ដោយពាណិជ្ជកម្មប្រកបដោយគុណភាព ផ្សារទំនើប ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ មជ្ឈមណ្ឌលកំសាន្ត ខេធីវី បណ្ណាគារ ទីលានកីឡា និងសេវាកម្មផ្សេងៗទៀត ដែលនឹងនាំមកនូវការរស់នៅប្រកបដោយផាសុខភាពដល់
អតិថិជន។

លោកបន្ថែមថា “ព្រីនស៍ ស្មាតហ្គាដិន” ដែលជាការដ្ឋានដំណាក់កាលទី ១ នៃគម្រោង ព្រីនស៍ ស៊ីធី សេនធើនេះ រំពឹងថានឹងត្រូវបញ្ចប់ការសាងសងជាស្ថាពរក្នុងខែតុលា ឆ្នាំ ២០១៩ ហើយនឹងបន្តបើកការដ្ឋានដំណាក់កាលទី២បន្ថែមទៀត ដែលគ្រោងនឹងចាប់ផ្តើមបើកការដ្ឋាន
នៅខែវិច្ឆិកា ឆ្នាំ ២០១៨ ឯដំណាក់កាលទី៣ ក៏ត្រៀមខ្លួនចាប់ផ្តើមនាពេលឆាប់ៗនេះផងដែរ។

គួរបញ្ជាក់ថា ព្រីនស៍ ស៊ីធី សេនធើ ត្រូវបានវិនិយោគឡើង នៅលើផ្ទៃដីចំនួន ១៦,៣ ហិកតា និងមានក្រឡាផ្ទៃសំណង់សរុប ៧០ ម៉ឺនម៉ែត្រការ៉េ ដែលរួមមាន វីឡាប្រណិត វីឡាមាត់សមុទ្រ ខុនដូលម្ហែកាយ សណ្ឋាគារលំដាប់ផ្កាយ៥ អាគារការិយាល័យ ផ្សារទំនើប ផ្លាស្សា ក្លឹបកម្សាន្ត មន្ទីរពេទ្យថែទាំសុខភាព និងសេវាកម្មដ៏សម្បូរបែបផ្សេងៗទៀត៕