កំណើនផ្សារទំនើបក្នុងរាជធានីភ្នំពេញ បាននឹងកំពុងបន្តកើនឡើងជាបន្តបន្ទាប់

57

ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៨៖ កំណើនផ្សារទំនើបក្នុងរាជធានីភ្នំពេញ បាននឹងកំពុងបន្តកើនឡើងជាបន្តបន្ទាប់ ដើម្បីបំពេញ ទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ខណៈភាពជីវភាពពលរដ្ឋមានភាពល្អប្រសើរ។សព្វថ្ងៃនេះ ផ្សារទំនើបក្នុងរាជធានីភ្នំពេញ ទាំងផ្សារទំនើបអន្តរជាតិ និងផ្សារទំនើបក្នុងស្រុក បានបន្ត មានវត្តមានជាបន្តបន្ទាប់ ដោយក្នុងនោះ ផ្សារទំនើបអ៊ីអនសែនសុខ និងផ្សារម៉ាក្រូ កំពុងទាក់ទាញបាននូវចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។ដើម្បីចូលរួមបំពេញបាននូវតម្រូវការទីផ្សារបន្ថែមនោះ ផ្សារទំនើបអន្តរជាតិថ្មីមួយទៀត បានមានវត្តមានហើយនៅផ្លូវ ២០០៤ ក្នុងខណ្ឌ័ដង្កោ រាជធានីភ្នំពេញ ដែលផ្តល់ជូនអោយអតិថិជននូវ ទីតាំង ដ៏ល្អប្លែកបន្ថែម ដូចជាហាងលក់ទំនិញគ្រប់ប្រភេទ កន្លែងញុំអាហារ ភេសជ្ជៈ កន្លែងកម្សាន្ត ហាងលក់សម្លៀកបំពាក់ល្បីៗ រោងភាពយន្តខ្នាតធំ និងអគារការិយាល័យជួលជាដើម។លោកស្រី លីន យិនជុន អ្នកចាត់ការទូទៅនៃក្រុមហ៊ុន Kao Cheng International Enterprise Co.​, Ltd វត្តមានផ្សារទំនើប កម្ពស់៣ជាន់ MidTown ក្នុងខណ្ឌដង្កោនេះ នឹងអាចចូលរួមឆ្លើយតបទៅនឹងកំណើនតម្រូវការ របស់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងក្នុងដង្កោនេះផ្ទាល់តែម្ដង។ លោកស្រីបន្តថា បច្ចុប្បន្ន ខណ្ឌដង្កោ កំពុងក្លាយទៅជាគោលដៅថ្មីនៃការវិនិយោគ ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ទៅលើវិស័យសំណងខុនដូ បុរី និងផ្សារទំនើបជាដើម។លោក តេង ឌឺលុច អ្នកវិភាគសេដ្ឋកិច្ច បានឲ្យទូរទស្សន៍រស្មីហង្សមាសដឹងថា ជាការពិតណាស់ វត្តមានផ្សារទំនើប ក្នុងរាជធានីភ្នំពេញបច្ចុប្បន្ន នៅមិនទាន់ឆ្លើយតបទៅនឹងកំណើនតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង និងភ្ញៀវទេសចរនោះទេ ខណៈអ្នករស់នៅក្នុងទីក្រុង និងជនបរទេសមកធ្វើការ និងចរាចរនៅកម្ពុជាមានការកើនឡើង។
លោកបន្តថា ការធ្វើទំនើបកម្ម ដោយពង្រីកទីផ្សារទំនើប ក្នុងតំបន់ភ្នំពេញថ្មី ខណ្ឌ័សែនសុខនេះ បានធ្វើអោយកាត់បន្ថយ កំលាតពីកណ្ដាលក្រុង ទៅជ្រាយក្រុង ឲ្យក្លាយជាក្រុងតែមួយដូចគ្នា នៅពេលដែលតំបន់នោះមានអាជីវកម្មធំៗ និងមជ្ឍមណ្ឌលពាណិជ្ចកម្មច្រើន។គួរបញ្ជាក់ថា ផ្សារទំនើប MiDTOWN MALL​ លើផ្លូវ ២០០៤​ ស្ថិតក្រោម ការវិនិយោគពីក្រុមហ៊ុនតៃវ៉ាន់ Kao Cheng International Enterprise Co. , Ltd. ក្នុងទំហំ ផ្ទៃដី ៨,៨៨១ ម៉ែត្រការ៉េ ដែលនឹងចាប់ផ្តើមដំណើរការ ជាផ្លូវការ នៅខែធ្នូ ឆ្នាំ ២០១៨​ នេះ ៕