រយៈពេល៨ខែដើមឆ្នាំនេះភ្ញៀវទេសចរអន្តរជាតិជាង១,៧លាននាក់

43

ភ្នំពេញ៖ រយៈពេល៨ខែដើមឆ្នាំនេះភ្ញៀវទេសចរអន្តរជាតិជាង១,៧លាននាក់បានទិញសំបុត្រ ចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបាននាំចំណូលប្រមាណ៨០លានដុល្លារដល់សេដ្ឋកិច្ចកម្ពុជា។

របាយការណ៍ពីក្រសួងទេសចរណ៍ដែលបានចេញផ្សាយនាព្រឹកថ្ងៃទី១ ខែកញ្ញា បានបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែសីហា ភ្ញៀវទេសចរអន្តរជាតិប្រមាណ ១លាន ៧សែននាក់ បានទិញប័ណ្ណចូលទស្សនារមណីដ្ឋានអង្គ កើនឡើង៨,៤៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងរយៈពេល៨ខែនេះ គ្រឹះស្ថានអង្គរអាចប្រមូលចំណូលពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានរហូតដល់ ជិត៨០លានដុល្លារ កើនឡើងប្រមាណ១៣% ដោយក្នុងនោះ ភ្ញៀវទេសចរចិន ឈរនៅលេខរៀងទី១ ដែលបានទិញសំបុត្រចូលទស្សនាច្រើនជាងគេ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចណ៍កម្ពុជា បានមានប្រសាសន៍ថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរនាពេលនេះ គឺដោយសារភ្ញៀវទេសចរ កាន់តែមានទំនុកចិត្តមកលើកញ្ចប់សេវាកម្មទេសចរណ៍របស់កម្ពុជា ស្របពេលដែលក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ បាននឹងកំពុងខិតខំផ្សព្វផ្សាយពីសក្តានុពលតំបន់ទេសចរណ៍របស់កម្ពុជា។

លោកជំទាវបន្ថែមថា ដើម្បីសម្រេចអោយបាននូវគោលដៅទាក់ទាញភ្ញៀវទេសចរ អោយកាន់ដល់៧លាននាក់នៅឆ្នាំ២០២០ ក្រសួង បានស្នើអោយគ្រប់ស្ថាប័នពាក់ និងភាគីពាក់ព័ន្ធ បន្តចូលរួមអភិរក្ស និងរុករក តំបន់ទេសចរ ធម្មជាតិ និងវប្បធម៌បន្ថែម ខណៈកម្ពុជាបច្ចុប្បន្ន កំពុងស្ថិតក្នុងគោលដៅទេសចរបែបធម្មជាតិ និងវប្បធម៌ ពីភ្ញៀវទេសចរអន្តរជាតិក្នុងតំបន់ និងប៉ែកអ៉ឺរ៉ុប។

ឯកឧត្តម ថោង ខុន រដ្ឋមន្រី្ត ក្រសួងទេសចរណ៍ធ្លាប់បានញ្ជាក់ថា កំណើននៃភ្ញៀវទេសចរបរទេសមកកម្ពុជា បានផ្ដល់នូវឳកាសវិនិយោគយ៉ាងច្រើនដល់កម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយវិស័យនេះ បានចូលរួមចំណែកក្នុងផលទុនជាតិសរុបប្រមាណ១១% កាលពីឆ្នាំមុន។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យទេសចរណ៍ មានការអភិវឌ្ឍគួរអោយគត់សំគាល់ ហើយសម្រាប់គោលដៅទៅ៥ឆ្នាំបន្ត ក្រសួងនឹងបន្តទាក់ទាញភ្ញៀវទេសចរមកកម្ពុជា អោយកើនដល់១៥លាននាក់នៅឆ្នាំ២០៣០៕