ធនាគារកូរ៉េទិញភាគហ៊ុន ១០០% ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាមិក ភីអិលស៊ីនៅកម្ពុជា

50

ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៨៖ ធនាគារកូរ៉េ ទិញភាគហ៊ុន ១០០% ពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាមិក ភីអិលស៊ីនៅកម្ពុជា ដើម្បីពង្រីកទំហំប្រតិបត្តិការហិរញ្ញវត្ថុ អោយកាន់តែធំបន្ថែម ទៅលើប្រតិបត្តិការដែលមានស្រាប់នៅកម្ពុជា។លោក SEO Joon Yong តំណាងរបស់ធនាគារ NongHyup បានឲ្យដឹងថា ការទិញយកនូវភាគហ៊ុនទាំងស្រុងពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសាមិក ភីអិលស៊ីនៅកម្ពុជានេះ គឺដោយសារធនាគារ ណុងហឹប ចង់ពង្រីកទំហំប្រតិបត្តិការហិរញ្ញវត្ថុ លើសេវាកម្ម ដែលមានស្រាប់ ដោយធនាគារកូរ៉េ នឹងបន្ថែមទំហំទ្រព្យសកម្ម អោយបានច្រើនបន្ថែមក្នុងទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។
លោកបន្តថា គិតត្រឹមបំណាច់ឆ្នាំ២០១៧ ធនាគារ NongHyup មានសាខាប្រតិបត្តិការសរុប ជាង១ពាន់សាខា ជាមួយនឹងទ្រព្យសម្បត្តិសរុប ២៤៧ពាន់លានដុល្លារសហរដ្ឋអាមេរិក និងមានអតិថិជនប្រមាណជាង ៣០លាននាក់ នៅទូទាំងប្រទេសកូរ៉េខាងត្បូង ហើយវត្តមានធនាគារណុងហឹបនៅកម្ពុជា នាពេលនេះ នឹងកាន់បំពេញបាននូវតម្រូវការអតិថជន ជាកូរ៉េនៅកម្ពុជា និងប្រជាពលករខ្មែរនៅកូរ៉េ ងាយស្រួលក្នុងការទទួលបាននូវសេវាកម្មហិរញ្ញវត្ថុផងដែរ។លោក គិត សុវណ្ណារិទ្ធិ អគ្គនាយករងត្រួតពិនិត្យ និងជាប្រធាននាយកដ្ឋានត្រួតពិនិត្យឯកសាររបស់ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ក្នុងពិធីសម្ពោធជាផ្លូវការមីក្រូហិរញ្ញ វត្ថុណុងហឹប នាល្ងាចថ្ងៃទី១១ កញ្ញានេះ នៅសណ្ឋាគារសូហ្វីតែលថា ធនាគារកូរ៉េ ណុងហឹបនៅកម្ពុជា នឹងជួយលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ជំរុញកំណើនសេដ្ឋកិច្ចនិងលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋនៅទីជនបទព្រមទាំងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា តាមរយៈការផ្តល់ជូននៅឥណទានក្នុងខណ្ឌល្អប្រសើរ ផងដែរ។លោកបានគូសបញ្ជាក់ថា គិតត្រឹមដំណាច់ត្រីមាសទី១ឆ្នាំ២០១៨នេះ វិស័យមីគ្រូហិរញ្ញវត្ថុមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយក្នុងនោះ ការផ្តល់ឥណទាន មានទឹកប្រាក់ប្រមាណជា៤.៦ប៊ីលានដុល្លារ កើនឡើងប្រមាណ ៧.៦ភាគរយ និងអតិថិជនដាក់ប្រាក់បញ្ញើនៅតាមគ្រឹះស្ថានមានប្រមាណ២.១២ប៊ីលានដុល្លារ កើនឡើង៦.៣ភាគរយ បើធៀបនឹងត្រីមាសទី៤ឆ្នាំ២០១៧៕