ម្ចាស់អាជីវកម្ម KW-កម្ពុជាដឹកនាំក្រុមការងារកម្ពុជាទៅចូលរួមកម្មវិធី MEGA CAMP 2018

47

ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុន Keller Williams Realty ដឹកនាំក្រុមការងារកម្ពុជាទៅចូលរួមកម្មវិធី MEGA CAMP 2018 ដើម្បីសិក្សាពីសក្ដានុពល និងឱកាសវិនិយោគ ពីទីផ្សារអចលនទ្រព្យនៅអាមេរិច សម្រាប់ជួយអភិវឌ្ឍធនធានមនុស្ស និងវិស័យអចលនទ្រព្យកម្ពុជា ។ថ្លែងប្រាប់អ្នកសារព័ត៌មាន នាអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញកាសពីចុងសប្ដាហ៍នេះ លោកបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំក្រុមហ៊ុន KW-កម្ពុជា នឹងចូលរួមកម្មវិធីរបស់ក្រុមហ៊ុនយក្សអាមេរិកខាងលើ គឺដើម្បីសិក្សាឲ្យកាន់តែស៊ីជម្រៅពីសក្ដានុពល និងវិធីសាស្ដ្រក្រុមហ៊ុនលំដាប់កំពូលពិភពលោកនេះ សម្រាប់ជួយអភិវឌ្ឍធនធានមនុស្ស និងវិស័យអចលនទ្រព្យកម្ពុជា ព្រោះ Keller Williams Realty គឺជាក្រុមហ៊ុនមានគំរូអាជីវកម្មស័ក្តិសមជាមួយស្ថានភាពទីផ្សារប្រទេសកម្ពុជា ដែលសម្បូរប្រជាជនវ័យក្មេង ហើយភ្នាក់ងារជាច្រើន មិនទទួលបានការបណ្ដុះបណ្ដាល និងមានអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ដើម្បីទទួលបានការបណ្ដុះបណ្ដាល និងការរកស៊ីក្រោមដំបូលដ៏ធំរបស់ក្រុមហ៊ុន ។

លោកថា ក្រោយ KW-កម្ពុជា នឹងបើកដំណើរនាឆ្នាំ២០១៩ នេះ ក្រុមហ៊ុននឹងបើកវគ្គបណ្ដុះបណ្ដាលដល់បុគ្គលិកខ្លួនជារៀងរាល់ខែ ហើយឆ្នាំ២០២២ ក្រុមហ៊ុននឹងបើកវិទ្យាស្ថានម័យ សម្រាប់បណ្ដុះបណ្ដាលមនុស្សទូទៅ ដើម្បីឈានទៅសម្រេចគោលដៅក្នុងរយៈពេល ១០ឆ្នាំ ។ លោកថា «គំរូអាជីវកម្ម ដែលយើងគ្រោងបង្កើត យើងបានកំណត់បង្កើតគ្រប់ខណ្ឌ ស្រុក និងខេត្ត មួយក្នុងរយៈពេល ១០ឆ្នាំក្រោយ ។ អាជីវកម្មយើងថ្ងៃក្រោយ រាល់ការទិញ-លក់ដីធ្លី យើងនឹងមានការិយាល័យគ្រប់ខេត្ត-ក្រុង ។ អញ្ចឹងយើងមានទស្សនៈវិស័យមួយ យើងចង់គ្រប់គ្រងចំណែកមួយ នៃអាជីវកម្មដីធ្លីស្រុកខ្មែរឲ្យបានយ៉ាងហោច ៣០% ក្នុងរយៈពេល ១០ឆ្នាំខាងមុខ» ។ កម្មវិធី MEGA CAMP 2018 ខាងលើ ក្រៅពីប្រតិភូ និងថ្នាក់ដឹកនាំក្រុមហ៊ុន Keller Williams Cambodia ទាំង ១០នាក់ ក៏មានសមាជិករបស់ក្រុមហ៊ុន Keller Williams Realty សរុបទាំង ៩,០០០នាក់ចូលរួមផងដែរ ដែលនឹងដំណើរផ្លូវការរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែសីហា នៅរដ្ឋ TEXAS ។ ចំពោះកម្មវិធីសិក្សាបែងចែកជា ២វគ្គ រួមទី១៖ វគ្គពិសេសសម្រាប់មនុស្សម្នាក់ តំណាងប្រទេសមួយ និងវគ្គទី២ ផ្ដោតលើដំណើរការអាជីវកម្មរបស់ Keller Williams Realty ដោយនិយាយពីបច្ចេកទេស និងវិធីសាស្ដ្រ នាំឲ្យក្រុមហ៊ុនដំណើរការបានជោគជ័យ ដោយអនុវត្តតាមស្ដង់ដាររបស់ក្រុមហ៊ុនរកបានចំណូលជាង ១,០០០លានដុល្លារកាលពីឆ្នាំ២០១៧ នេះ ៕