UNDP ចុះអនុស្សរណៈជាមួយក្រុមហ៊ុនវើលប្រ៊ីដ ដើម្បីផ្តល់ការគាំទ្រលើគម្រោងស្នាក់នៅតម្លៃសមរម្យ

38

ភ្នំពេញ៖ UNDP ចុះអនុស្សរណៈជាមួយក្រុមហ៊ុនវើលប្រ៊ីដ ដើម្បីគាំទ្រគម្រោងលំនៅដ្ឋានតម្លៃសមរម្យថាបានចូលរួមចំណែកក្នុងការជួយពលរដ្ឋដែលមានចំណូលទាប អោយមានលទ្ធភាពទទួលបានលំដ្ឋានស្នាក់នៅមានគុណភាព។លោក និក បេរេសហ្វដ (Nick Beresford) នាយកអង្គការ UNDP ប្រចាំប្រទេសកម្ពុជាលើកឡើងថាការចុះអនុស្សរណៈជាមួយក្រុមហ៊ុនវើលប្រ៊ីដនាពេលនេះ បានឆ្លុះបញ្ជាំងពីភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដែលសំដៅជំរុញការវិនិយោគប្រកបដោយចីរភាព ក្នុងន័យចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។លោកបន្ថែមថាតាមរយៈកិច្ចព្រមព្រៀងនេះ អង្គការ UNDP នឹងធ្វើការសិក្សាវាយតម្លៃទៅលើការកកើតឡើងវិញក្នុងអាជីវកម្ម និងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គ្រួសារដែលមានចំណូលទាប អោយមានលទ្ធភាពចូលរួមក្នុងគម្រោងអភិវឌ្ឍបណ្ដុំសហគ្រាសធុនតូច និងមធ្យម។លើកឡើងនៅក្នុងពិធីចុះហត្ថលេខាងលើអនុស្សរណៈយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជនក្រោមការផ្តួចផ្តើមពីអង្គការ UNDP UNIDO និងក្រុមហ៊ុនវើលប្រ៊ីដ កាលពីចុងសប្ដាហ៍មុននេះ លោកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុនវើលប្រ៊ីដបានមានប្រសាសន៍ថាដើម្បីចូលរួមលើកកម្ពស់ការរស់នៅប្រកបដោយសុវត្ថិភាព និងបរិស្ថានល្អ ក្រុមហ៊ុនវើលប្រ៊ីដ បានបង្កើតអោយមានជាគម្រោងលំនៅឋានក្នុងតម្លៃសមរម្យដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ក្នុងតម្លៃចាប់ពី២ម៉ឺនឡើងទៅ។
លោកឧកញ៉ាបន្ថែមថា ក្រោយកិច្ចសហការនេះ ក្រុមហ៊ុនវើលប្រ៊ីដ និងទទួលបានជំនាញច្បាស់លាស់ក្នុងការនាំមកនូវផលវិជ្ជមានផ្នែកសង្គម សេដ្ឋកិច្ច និងបរិស្ថាន ដែលធ្វើអោយគម្រោងរបស់យើងអាចផ្តល់ផលប្រយោជន៍កាន់តែច្រើនថែមទៀត ដល់ប្រជាជនកម្ពុជាទូទៅ។គម្រោងលំនៅដ្ឋានតម្លៃសមរម្យរបស់ក្រុមហ៊ុនវើលប្រ៊ីដមានទីតាំងស្ថិតនៅភូមិកោះគរ ឃុំរកាខ្ពស់ស្រុកស្អាង ខេត្ដកណ្ដាល មានផ្ទះចំនួន ២,២៩៧ល្វែង៕