មន្ទីទេសចរណ៍ខេត្តព្រះសីហនុជំរុញអោយមាន ការវិនិយោគកន្លែងស្នាក់នៅបែបប្រណិតបន្ថែមក្នុងខេត្ត

45

ភ្នំពេញ៖ ប្រធានមន្ទីទេសចរណ៍ខេត្តព្រះសីហនុ ថាតម្រូវការ
ស្នាក់នៅបែបប្រណិតក្នុងក្រុងព្រះសីហនុ នៅមិនទាន់ឆ្លើយតបនៅឡើយទៅនឹងកំណើនភ្ញៀវទេសជាតិ និងអន្តរជាតិ ដែលកំពុងមានសន្ទះកើនឡើងខ្លាំងក្នុងខេត្តនេះ។ថ្លែងក្នុងពិធីសម្ភោធន៍ជាផ្លូវការនៃសណ្ឋាគារលំដាប់ផ្កាយ៥ Prince Time Hotel នៅព្រឹកថ្ងៃទី២២ កញ្ញានេះ នៅក្រុងព្រះសីហនុ លោក តាំង សុចិត្រ គ្រីស្នា ប្រធានមន្ទីទេសចរណ៍ ចេត្តព្រះសីហនុ បានបញ្ជាក់ថា ខេត្តព្រះសីហនុ ទាមទារអោយមានការវិនិយោគបន្ថែមទៅលើកន្លែងស្នាក់នៅបែបប្រណិតអោយបានច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ខណៈបច្ចប្បន្នខេត្តនេះ អាចទាក់ទាញភ្ញៀវទេសចរ បានប្រមាណ ១សែននាក់ កើនឡើង ១៦% ក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ។លោកបន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនភ្ញ្ញៀវទេសចរក្នុងខេត្តព្រះសីហនុ បានកើនជាមធ្យម១០ភាគរយក្នុង១ឆ្នាំ ដែលបានធ្វើអោយតម្រូវការក្នុងផ្នែកទេសចរណ៍ បានកើនឡើងខ្ពស់ ទាមទារអោយមានការបំពេញបន្ថែម ក្នុងនោះរួមមាន បដិសណ្ឋារកិច្ច អាហារដ្ឋាន និងសណ្ឋាគារប្រណិតៗ។

លោកបន្តថា ជាក់ស្ដែងវត្តមានរបស់សណ្ឋាគារលំដាប់ផ្កាយ៥ Prince Time Hotel នាថ្ងៃនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សោភណ្ឌ័ភាពទីក្រុង បំរើដល់ការងារវិស័យទេសចរណ៍កម្ពុជា និងបានផ្ដល់ឳកាសការងារ ជាច្រើនដល់ពលរដ្ឋក្នុងខេត្តជាច្រើនកន្លែង។លោកឈីវ គួរស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានលើកឡើងថា សណ្ឋាគារព្រីនស៍ ថាម ហូថេល ជាសណ្ឋាគារលំដាប់ផ្កាយ៥ កម្ពស់១៨ជាន់ ដែលមានសេវាកម្មល្អឥតខ្ចោះ រួមទាំងបន្ទប់ដ៏ប្រណីតចំនួន ១៩៧ បន្ទប់ ដែលត្រូវបានតុបតែងតាមបែបខ្មែរ។ បន្ទប់នីមួយៗពោរពេញទៅដោយភាពស្រស់ស្អាត ទំនើប និងផាសុខភាព។ បន្ទប់ជាន់ខ្ពស់អាចទទួលបានភាពរីករាយ និងសម្រាកលំហែ ដោយទស្សនាទេសភាពដ៏ស្រស់បំព្រងនៃឆ្នេរសមុទ្រ ក៏ដូចជាទិដ្ឋភាពដ៏ស្រស់ស្អាតនៃទីក្រុងព្រះសីហនុផងដែរ។

នៅផ្នែកខាងក្នុងនៃសណ្ឋាគារនេះ មានរួមបញ្ជូល នូវហាងហែលទឹក ក្លឹបហាត់ប្រាណ ចំណត Helicopter និងភោជនីយដ្ឋានប្រណិត បែបចិន និងអឺរ៉ុប លក្ខណៈVIP។លោក Li Min អគ្គនាយកក្រុមហ៊ុន Prince Real Estate Group បានបញ្ជាក់ថា ក្រុមហ៊ុន Prince Real Estate Group នឹងពង្រីកសណ្ឋាគារចំនួន ១៥កន្លែង ជាបន្តបន្ទាប់ទៀតក្នុងខេត្តក្រុងទាំង ១៣ នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះ ខេត្តព្រះសីហនុ មានគម្រោងវិនិយោគធំៗ ចំនួន២ កំពុងមានវត្តមាននៅក្នុងខេត្តនេះ ដោយគម្រោងទី១ សម្ពោធន៍ជាផ្លូវការនៅថ្ងៃនេះ និងសណ្ឋាគារព្រីនស៍ ខូលីណឹន បេ លំដាប់ផ្កាយប្រាំពីរ ទើបតែប្រកាសចាប់ផ្តើមសាងសង់នៅដើមខែសីហា ឆ្នាំ ២០១៨ នេះ។គួរបញ្ជាក់ថា សណ្ឋាគារព្រីនស៍ ថាម ហូថេល ជាគម្រោងវិនិយោគរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប និងគ្រប់គ្រងប្រតិបត្តិការដោយក្រុមហ៊ុន ព្រីនស៍ ថាម ហូថេល មេនេចមេន ដោយគម្រោងនេះ ត្រូវបានសាងសង់ឡើង នៅលើផ្ទៃដីប្រមាណ ២ម៉ឺន៩ពាន់ម៉ែត្រការ៉េ ស្ថិតនៅទីតាំងផ្លូវឯករាជ្យ ក្រុងព្រះសីហនុ៕