តម្រូវការប្រើប្រាស់រថយន្តក្នុងវិស័យទេសចរណ៍ និងក្នុងលក្ខណៈគ្រួសារមានកំណើនក្នុងទីផ្សារកម្ពុជា

56

ភ្នំពេញ៖ តម្រូវការប្រើប្រាស់រថយន្តក្នុងវិស័យទេសចរណ៍ និងក្នុងលក្ខណៈគ្រួសារ មានកាន់តែខ្ពស់ ដែលនាំអោយមានកំណើននៃការនាំចូលរថយន្តកាន់តែច្រើនពី១ឆ្នាំទៅ១ឆ្នាំក្នុងទីផ្សារកម្ពុជា។លោកប្រាយ អ៊ែនខូ នាយកប្រតិបត្តិនៃក្រុមហ៊ុនហ៊ីយ៉ាន់ដាយ បានលើកឡើងថា ការបង្កើនការនាំចូលរថយន្តស៊េរីថ្មីឆ្នាំ២០១៩នេះ មកកាន់ទីផ្សារកម្ពុជា គឺដោយសារមើលឃើញពីតម្រូវការនៃការនិយមប្រើប្រាស់រថយន្តថ្មីមានការកើនឡើង និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ មានការកើនឡើងមួយកម្រិតទៀតផងដែរ។
លើកឡើងក្នុងពិធីបើកបរសាកល្បងរថយន្តហ៊ីយ៉ាន់ដាយស៊េរីថ្មីឆ្នាំ២០១៩ នៅកោះពេជ្រ នាដើមសប្ដាហ៍នេះ លោកបន្តថា គិតត្រឹមមកទល់ពេលនេះ ការលក់រថយន្តរបស់ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ មានកំណើនរហូតដល់៣០% ដែលធ្វើអោយក្រុមហ៊ុនមានផែនការ បង្កើនការនាំចូល បន្ថែមប្រមាណ១០%ទៀត ។បើផ្អែកតាមសហពន្ធ័ឧស្សាហកម្មយានយន្តកម្ពុជា បានបង្ហាញថា ក្នុង១ឆ្នាំៗ កម្ពុជាបាននាំចូលរថយន្តសរុបប្រមាណ៦ម៉ឺនគ្រឿង ប៉ុន្តែក្នុងនោះរថយន្តថ្មីៗ និងរថយន្ត ដែលនាំចូលតាមក្រុមហ៊ុនផ្លូវការ មានមិនដល់១០ភាគរយផង ក្រៅពីនោះ គឺជាការ នាំចូលរថយន្តមួយទឹក។គួរបញ្ជាក់ថា ដើម្បីជំរុញការលក់បន្ថែមនៅក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ តែងតែផ្តល់ឱកាសអោយអតិថិជន បានបើកបរសាកល្បងនូវរថយន្តដោយផ្ទាល់ ដើម្បីយល់ដឹងពីកម្រិតគុណភាព និងអត្ថប្រយោជន៍ផ្សេងៗ របស់រថយន្តម៉ាកនេះបន្ថែមផងដែរ មុនសម្រេចចិត្តទិញយកទៅប្រើប្រាស់៕