កញ្ចប់​ថវិកា​១៥០លានដុល្លារ​គ្រោងផ្ដល់ជូន​សហគ្រាសខ្នាតតូចនិងមធ្យមដើម្បី​ពង្រីក​អាជីវ​កម្ម​

40

ភ្នំពេញ ៖ ខណៈពេល​ដែលវិស័យ​សហគ្រាសខ្នាតតូច និងមធ្យម​ ( SME ) កម្ពុជា​នៅតែជួបបញ្ហា​ទុន​សម្រាប់ពង្រីកអាជីវកម្ម ហើយបណ្ដាធនាគារ​និងមីក្រូហិរញ្ញវត្ថុដែលកំពុងធ្វើប្រតិបត្តិការនៅក្នុង​ប្រទេស​កម្ពុជា ក៏ពុំ​ទាន់ផ្ដល់កម្ចីទូលំទូលាយ​សម្រាប់​សហគ្រិន ពេលនេះ​កញ្ចប់ថវិកា​ចំនួន ១៥០លានដុល្លារអាមេរិក​ត្រូវ​បានធនាគារធំមួយក្នុងស្រុក​ប្រកាស​ផ្ដល់ជូន​សហគ្រិន​ក្នុងវិស័យ SME កម្ពុជា ដើម្បីយកទៅពង្រីក​អាជីវកម្ម ។
ថ្លែងនៅក្នុងពីប្រកាស​ផ្ដល់កញ្ចប់​១៥០លានដុល្លារ​កាលពី​ថ្ងៃទី១៨ កញ្ញា នេះ អ្នកឧកញ៉ា ពុង ឃាវ​សែ ពា​ណិ​​​​​​​​​​​​​​​​​​​​ជ្ជ​​ក​រ​ដែលផ្ដល់កញ្ចប់​ថវិកា​នេះ​បានមានប្រសាសន៍ថា កន្លងមក​បានសង្កេតឃើញថា សហ​គ្រាស​ធុន​តូច និងមធ្យម​កម្ពុជា មិនត្រូវ​បានគេមើលឃើញ​ទេ​ ជាក់ស្ដែង​ធនាគារ​ធំៗ​មកពីក្រៅប្រទេស និងធនាគារ​ ក្នុង​ស្រុក​​ហាក់មើលរំលង​ពី​វិស័យ​ SMEs ។ ដោយមើលឃើញពីភាពលំបាក​ក្នុងការ​ស្វែងរក​ទុន​នេះ ទើប​ក្នុង​នាម​ជាវិនិយោគិន​ក្នុងស្រុក និងជាធនាគារ​ធំមួយ​ក្នុងស្រុក កាណាឌីយ៉ា បានសម្រេច​បង្កើតទុន​១៥០​លាន​ដុល្លារ​​ផ្ដល់ជូនទៅ SMEs ក្នុងប្រទេស​ ដើម្បីប្រើប្រាស់​ពង្រីកអាជីវកម្ម សម្រាប់ប្រកួតប្រជែង​ជាមួយ​​​ប្រទេស​ក្នុងតំបន់​អាស៊ាន ។

អ្នកឧកញ៉ា​បន្តថា ទុន​ពង្រីកអាជីវកម្មរបស់ SMEs គឺជា​កត្តា​សំខាន់​ណាស់ ​ហើយ​ក្រៅពីធនធានមនុស្ស​ បច្ចេក​​ទេស និង​ហេដ្ឋារចនាសម្ព័ន្ធ ​ក្នុងខ្សែចង្វាក់ផលិតកម្ម ក៏ទាមទារអោយមានទុន​​ដែរ ដូចនេះហើយ​ បើ​ចង់​អោយ​ SMEs ក្នុងប្រទេស​កម្ពុជា រីកចម្រើន និង​អាចប្រកួតប្រជែងជាមួយ​ប្រទេសជិត​ខាងបាន ​ត្រូវ​មាន​ការ​​ចូលរួម​ពីគ្រប់ភាគី​ជាក់ស្ដែង​បណ្ដាធនាគារ​​ នានា​ ដែលមានប្រភពទុន​គ្រប់គ្រាន់ជាដើម ។
នាយកប្រតិបត្តិ​ធនាគារ​កាណាឌីយ៉ា លោក Raymond Sia Say Guan បានអោយដឹងថា ទុន​១៥០​លាន​ដុល្លារ​​​អាមេរិកនេះ ​មិនមែនជាទុន​មកពីខាងណា​ទេ គឺជា​ទុន​របស់ធនាគារ​ក្នុងស្រុកនេះទាំងស្រុង ហើយ​លក្ខ​ខណ្ឌ​មិនមានអ្វីដែលពិបាក​សម្រាប់​សហគ្រិន​ក្នុងវិស័យ SMEs នោះដែរ អោយតែពួកគាត់មាន​អាកម្ម​ត្រឹ​ម​ត្រូវ​ ហើយខ្វះខាតទុន​ពិត​ប្រាកដ​។ លោក​និយាយថា​៖« យើងអាចផ្ដល់​ទុន​ដល់ម្ចាស់អាជីវកម្ម​ មិន​កំណ​ត់​​​​ចំនួនទឹកប្រាក់កម្ចីនោះទេ ហើយអ្វីដែលពិសេសនោះ គឺយើង​នឹងយកការប្រាក់ពី​អតិថិជន​ ក្នុងវិស័យ SMEs ទាបជាងការ​ប្រាក់​ចំពោះទូទៅ ព្រោះ​យើង​ចង់អោយមានការ​អភិវឌ្ឍន៍ វិស័យ SMEs នៅក្នុង​ប្រទេ​ស​កម្ពុជា »​។

លោក ចម ប្រសិទ្ធ​ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានមានប្រសាសន៍ថា កញ្ចប់​ថវិកា ១៥០​លាន​ដុល្លារ​នេះ គឺជា​រឿងដ៏ល្អណាស់ សម្រាប់វិស័យ​ SMEs ក្នុងប្រទេសកម្ពុជា ក្នុងការ​ពង្រីក​អាជី​វកម្ម​របស់​ពួក​គេ​ ។ លោកថា​៖« សព្វថ្ងៃនេះ SMEs ក្នុងប្រទេសកម្ពុជាមានរហូតដល់​ជិត​៩០​ម៉ឺន​ទៅហើយ ហើយនេះជា​​តួលេខ​ត្រូសៗប៉ុណ្ណោះ ដូចនេះ យើងនឹង​រង់ចំាំមើល​ ពេលក្រសួង​ផែនការ​ធ្វើស្ថិតិ​រួចរាល់ ព្រោះ​ SMEs ក្នុង​ប្រទេស​​កម្ពុជា នៅមានមួយចំនួន​​ មិនទាន់បានចុះ​បញ្ជីត្រឹមត្រូវ »។

លោកបន្តថា កាលពីមុន​សហគ្រាស​ក្នុងប្រទេសកម្ពុជា មិនពិបាក​រកប្រាក់ចំណេញនោះទេ ព្រោះកាល​នោះ ទំនិញ ពីក្រៅប្រទេស​ចូលមក​ក្នុងប្រទេសកម្ពុជា ត្រូវការ​បង់ពន្ធគយ​ខ្ពស់​ ដូចនេះ​រាល់ទំនិញក្រៅប្រទេស​ ត្រូវ​​តែលក់​ថ្លៃជាងទំនិញក្នុងស្រុក ក៏ប៉ុន្តែ​នៅពេល​ដែល​កម្ពុជា បានចូលក្នុងសមាហរណកម្ម​សេដ្ឋកិច្ច​អា​ស៊ាន​ នៅថ្ងៃខាងមុខ​រាល់ទំនិញ​ទាំងឡាយពីក្រៅប្រទេស​ នឹងត្រូវរួចពន្ធគយ​ ។ លោកថា​៖« ដើម្បីអោយ SMEs ក្នុងប្រទេស​យើង រស់រាន និង​ប្រកួតប្រជែងជាមួយ​បណ្ដាប្រទេស​ក្នុង​តំបន់​អាស៊ាន យើងត្រូវការ​រៀន​​សូត្រ​ពីប្រទេសរីកចម្រើន ដូចជា​ប្រទេសកូរ៉េ ជប៉ុន​ ជាដើម »៕