ប្រភពព័ត៌មានបាននិយាយនៅថ្ងៃសុក្រនេះថា មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីសម្ព័ន្ធមិត្តអាមេរិក និងកូរ៉េខាងត្បូង បានបញ្ជាក់ពីផែនការមួយ ដើម្បីរង់ចាំរហូតដល់ក្រោយពីបញ្ចប់ការប្រកួតកីឡាអូឡាំពិក Pyeongchang គឺអាជ្ញាធរកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានកំណត់កាលវិភាគសមយុទ្ធរួមគ្នានៅឆ្នាំនេះ។
យោងតាមប្រភពដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ភាគីទាំងពីរបានឈានដល់ការព្រមព្រៀងគ្នាមួយកាលពីខែមុន ដើម្បីធ្វើការហ្វឹកហាត់សមយុទ្ធយោធានៅប្រទេសកូរ៉េ ចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា។ ប្រភពដដែលបានប្រាប់ភ្នាក់ងារព័ត៌មានយ៉ុនហាប់ថា ការដាក់ពង្រាយកងកម្លាំងយោធាដ៏ធំមួយដែលត្រូវចូលរួមនឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែមេសា ដោយយោងទៅតាមការកំណត់កាលវិភាគបច្ចុប្បន្ននេះ។
ប៉ុន្តែកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅតែស្ថិតនៅក្នុងការពិគ្រោះយោបល់លើកាលវិភាគសម្រាប់ការហ្វឹកហ្វឺន Foal Eagle ដែលពាក់ព័ន្ធនឹងកងទ័ពមួយចំនួនធំ រួមទាំងសមាជិកកងកម្លាំងរបស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅបរទេស។ ប៉ុន្តែប្រភពមួយផ្សេងទៀត បាននិយាយថា Foal Eagle នឹងត្រូវបានរៀបចំទៅតាមពេលវេលាធម្មតារបស់ខ្លួន ទោះបីជាកាលវិភាគ និងទំហំពិតប្រាកដពឹងផ្អែកទៅលើអាកប្បកិរិយានិងការបង្កហេតុរបស់កូរ៉េខាងជើងក៏ដោយ។
រដ្ឋបាលលោក មូនចេអ៊ីន ប្រធានាធិបតីរបស់កូរ៉េខាងត្បូង បានស្នើសុំការពន្យារពេលនៅក្នុងការធ្វើសមយុទ្ធប្រចាំឆ្នាំនេះ ដើម្បីជួយកាត់បន្ថយភាពតានតឹងនៅលើឧបទ្វីប មុននិងក្នុងអំឡុងពេលការប្រកួតកីឡាអូឡាំពិក រយៈពេលពីរសប្តាហ៍ ដែលនឹងចាប់ផ្តើមនៅ PyeongChang នៅថ្ងៃទី៩ ខែកុម្ភៈខាងមុខនេះ។ ការប្រកួត Paralympic គឺគ្រោងនឹងធ្វើនៅថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែមីនា នៅទីក្រុង PyeongCheong ដែលជាតំបន់ភ្នំមួយនៅភាគខាងកើតនៃប្រទេសកូរ៉េខាងត្បូង។
នៅក្នុងការហៅតាមទូរស័ព្ទជាមួយលោកមូន នៅយប់ថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានអះអាងថា សម្ព័ន្ធមិត្តនឹងមិនធ្វើសមយុទ្ធយោធាណាមួយ នៅក្នុងអំឡុងពេលនៃការប្រកួតកីឡាអូឡាំពិកនោះទេ។ នេះបើយោងតាមការិយាល័យរបស់ប្រធានាធិបតីលោក Moon Wong Dae។
យោងតាមរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Jim Mattis បានថ្លែងថា ការសម្រេចចិត្តនេះ គឺជាយោងទៅតាមបញ្ហាជាក់ស្តែង។ ហើយលោក Mattis បានបន្ថែមទៀតថា ការកែតម្រូវបន្ទាត់ពេលវេលានៃការហ្វឹកហាត់ទាំងនោះ មិនមែនជារឿងដែលមិនធ្លាប់មានពីមុនមកនោះទេ៕