រដ្ឋសភាសហភាពមីយ៉ាន់ម៉ាទាំងពីរ នឹងចាប់ផ្តើមបើកសម័យប្រជុំលើកទី៧របស់ខ្លួន នៅថ្ងៃទី១៥ ខែមករាឆ្នាំ២០១៨។ សម័យប្រជុំទាំងនោះ គឺមានការចូលរួមពីសភាតំណាងរាស្រ្ត (សភាជាន់ទាប) និង (សភាជាន់ខ្ពស់) នឹងបន្តធ្វើដាច់ដោយឡែកពីគ្នា នៅថ្ងៃដដែល។
សម័យប្រជុំលើកទី៦ នៃសភានោះ ចាប់ពីខែតុលា ដល់ខែវិច្ឆិកា ផ្តោតសំខាន់លើបញ្ហាហិរញ្ញវត្ថុមួយចំនួននិងគោលនយោបាយមួយចំនួន ដែលត្រូវការអនុម័តលើថវិកាជាតិបន្ថែមសម្រាប់ឆ្នាំសារពើពន្ធឆ្នាំ២០១៧-១៨ ក៏ដូចជាការស្វែងរកកម្ចីពីធនាគាកណ្តាលមីយ៉ាន់ម៉ា ដើម្បីបំពេញនូវឱនភាពថវិកាសម្រាប់គណនីបញ្ញើរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំសារពើពន្ធ។
សម័យប្រជុំនោះដែឬ បានអនុម័តការផ្លាស់ប្តូរការអនុវត្តរយៈពេលសារពើពន្ធថ្មី ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣០ ខែកញ្ញា ជំនួសឱ្យចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣១ ខែមីនា ដោយចាប់ផ្តើមពីឆ្នាំសារពើពន្ធឆ្នាំ ២០១៨-១៩ និងការបង្កើតក្រសួងថ្មីពីរ គឺក្រសួងការិយាល័យសហភាពសហជីព និងក្រសួងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងការកែទម្រង់គណៈកម្មការប្រឆាំងអំពើពុករលួយផង។
សម័យប្រជុំសភានោះ ក៏បានយល់ស្របផងដែរចំពោះការចុះហត្ថលេខាលើអនុសញ្ញា BIMSTEC ស្តីពីការផ្តល់ជំនួយទៅវិញទៅមកទាក់ទងនឹងករណីព្រហ្មទណ្ឌ។ BIMSTEC ត្រូវបានគេស្គាល់ថា ជាគំនិតផ្តួចផ្តើមនៃបណ្តារដ្ឋឈូងសមុទ្របេងហ្គាល់ សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចពហុវិស័យ ដែលមានក្រុមប្រទេសបង់ក្លាដេស ឥណ្ឌា មីយ៉ាន់ម៉ា ស្រីលង្កា ថៃ នេប៉ាល់ និងប៊ូតង់។
សូមបញ្ជាក់ថា រដ្ឋសភាបច្ចុប្បន្ន ត្រូវបានបង្កើតឡើងតាមរយៈការបោះឆ្នោតសកល កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ និងត្រូវបានគ្រប់គ្រងដោយសម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យដែលឈ្នះការបោះឆ្នោតនោះ៕