កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ធ្វើសមយុទ្ធប្រឆាំងមីស៊ីលរបស់កូរ៉េខាងជើង

29

កូរ៉េខាងត្បូងបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានចាប់ផ្តើមធ្វើសមយុទ្ធប្រឆាំងមីស៊ីលរួមគ្នាមួយជាមួយសហរដ្ឋអាមេរិក និងជប៉ុន ចំពេលមានការសង្ស័យថា កូរ៉េខាងជើងអាចសាកល្បងមីស៊ីលផ្លោង ដែលបាញ់បង្ហោះដោយនាវាមុជទឹក (SLBM)។

ការធ្វើសមយុទ្ធរយៈពេលពីរថ្ងៃនេះ កំពុងប្រព្រឹត្តទៅនៅក្នុងទឹកក្បែរឧបទ្វីបកូរ៉េ និងជប៉ុន ដែលជាប្រតិបត្តិការយោធាត្រីភាគីដំបូង ចាប់តាំងពីការបាញ់មីស៊ីលផ្លោងអន្តរទ្វីបថ្មី Hwasong-15 របស់កូរ៉េខាងជើង កាលពីចុងខែវិច្ឆិកា។ នេះបើយោងតាមអគ្គសេនាធិការចំរុះ (JCS)។ ពាក់ព័ន្ធសមយុទ្ធនេះ នឹងមាននាវាពិឃាដ Seoae Ryu Seong Ryong Aegis របស់កូរ៉េខាងត្បូង នាវាពិឃាត Aegis, Stethem និង Decatur អាមេរិក និងនាវា Chokai Aegis របស់ជប៉ុន។

JCS បាននិយាយថា ពួកគេកំពុងធ្វើការបណ្តុះបណ្តាលដោយកុំព្យួទ័រ ដើម្បីរក និងតាមដានមីស៊ីលផ្លោងណាមួយ ដែលបានបាញ់ចេញពីកូរ៉េខាងជើង និងចែករំលែកព័ត៌មានដែលពាក់ព័ន្ធទាំងនោះ។ សមយុទ្ធនេះ វាបានកើតឡើង ចំពេលដែលរបាយការណ៍ព័ត៌មានអំពីលទ្ធភាពដែលថា កូរ៉េខាងជើងនឹងបាញ់បង្ហោះមីស៊ីល ដោយនាវាមុជទឹក SLBM ក្នុងពេលឆាប់ៗនេះ៕​ ដោយ៖ Rush News