អារ៉ាប់ប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម រួមគ្នាចាប់ផ្តើមយកពន្ធ VAT ចំនួន ៥ភាគរយ

32

អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម ចាប់ដៃគ្នាយកពន្ធលើតម្លៃប្រាក់ចំណេញបន្ថែម TAT (ពន្ធអាករ) ចំនួន ៥ភាគរយ។ ការយកពន្ធអាករនេះជាលើកដំបូងហើយ ដែលត្រូវបានអនុវត្តចំពោះទំនិញ និងសេវាកម្មភាគច្រើន។ ខណៈដែលរដ្ឋឈូងសមុទ្រនេះ បានទាក់ទាញពលករបរទេសជាយូរយារណាស់មកហើយជាមួយនឹងការសន្យានៃការរស់នៅដោយគ្មានការបង់ពន្ធនោះ។ ប៉ុន្តែរដ្ឋាភិបាលចង់បង្កើនប្រាក់ចំណូលនៅក្នុងការប្រឈមនឹងតម្លៃប្រេងធ្លាក់ចុះ។ ហើយការយកពន្ធនេះដែរ នឹងត្រូវចាប់ផ្តើមយកនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨នេះ នៅក្នុងប្រទេសទាំងពីរ។

អារ៉ាប់រួមប៉ាន់ស្មានថា នៅក្នុងឆ្នាំដំបូងចំណូលពន្ធលើតម្លៃបន្ថែមនឹងមានប្រហែល ១២ពាន់លានឌឺហាម (២,៤ពាន់លានផោន ឬ ៣,៣ពាន់លានដុល្លារអាមេរិក)។ ប្រេងឥន្ធនៈ និងម៉ាស៊ូត ម្ហូបអាហារ សំលៀកបំពាក់ វិក័យប័ត្រប្រើប្រាស់ភ្លើេង និងបន្ទប់សណ្ឋាគារទាំងអស់ ឥឡូវនេះ សុទ្ធតែបានអនុវត្តពន្ធអាកររួចហើយ។

ក៏ប៉ុន្តែការនាំទំនិញចេញក្រៅប្រទេសមួយចំនួន ត្រូវបានលើកលែងពន្ធ ឬត្រូវបានផ្តល់ចំណាត់ថ្នាក់ពន្ធអាកររួមទាំងការព្យាបាលវេជ្ជសាស្រ្ត សេវាកម្មហិរញ្ញវត្ថុ និងការដឹកជញ្ជូនសាធារណៈជាដើម។ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ប្រាក់ចំណូលថវិកាជាង ៩០ភាគរយបានមកពីឧស្សាហកម្មប្រេង ខណៈនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលមានប្រហែល ៨០ភាគរយៈប៉ុណ្ណោះ។ ប្រទេសទាំងពីរ បានចាត់វិធានការបែបនេះ ដើម្បីបង្កើនថវិការបស់រដ្ឋាភិបាល។

នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតនេះ រួមបញ្ចូលពន្ធលើថ្នាំជក់ និងភេសជ្ជៈមិនមែនគ្រឿងស្រវឹង ក៏ដូចជាកាត់បន្ថយឧបត្ថម្ភធនមួយចំនួន ដែលផ្តល់ជូនអ្នកស្រុក។ ចំណែកប្រព័ន្ធដឹកជញ្ជូនតាមផ្លូវមួយចំនួននៅអារ៉ាប់រួម ក៏ត្រូវបានតំឡើងថ្លៃពន្ធ និងយកពន្ធទេសចរណ៍ផងដែរ។ ប៉ុន្តែមិនមានផែនការដើម្បីយកពន្ធលើប្រាក់ចំណូលរបស់ប្រជាជននៅឡើយទេ។

សូមបញ្ជាក់ថា ប្រទេសដែលជាសមាជិកផ្សេងទៀតនៃក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ រួមមាន បារ៉ែន កូវ៉េតអូម៉ង់ និងកាតា ក៏បានប្តេជ្ញាបង្កើនការយកពន្ធ VAT ផងដែរ ទោះបីជាអ្នកខ្លះពន្យារពេលរហូតដល់ឆ្នាំ ២០១៩៕