កូរ៉េខាងជើងព្រមានថា អាមេរិកនឹងសោកស្តាយយ៉ាងខ្លាំង ចំពោះយុទ្ធសាស្រ្តសន្តិសុខរបស់ខ្លួន

32

កាលពីថ្ងៃសុក្រ ប្រទេសកូរ៉េខាងជើងបានរិះគន់របាយការណ៍យុទ្ធសាស្ដ្រសន្តិសុខថ្មីរបស់អាមេរិក ដោយគំរាមធ្វើឱ្យប្រទេសនេះ សោកស្តាយយ៉ាងខ្លាំងចំពោះគោលនយោបាយប្រឆាំងនឹងក្រុងព្យុងយ៉ាង។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានបង្ហាញពីយុទ្ធសាស្ត្រសន្តិសុខជាតិជាលើកដំបូងរបស់លោក កាលពីថ្ងៃចន្ទ ដោយសន្យាថា នឹងត្រៀមខ្លួនឆ្លើយតបទៅនឹងកម្លាំងដ៏លើសលប់ចំពោះការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

ក្រសួងការបរទេសកូរ៉េខាងជើង បានថ្កោលទោសចំពោះរបាយការណ៍នេះ ដោយហៅវាថា ជាឯកសារដែលពោរពេញដោយឧក្រិដ្ឋកម្មរបស់លោកត្រាំ។ អ្នកនាំពាក្យក្រសួងការបរទេសម្នាក់ ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ថា របាយការណ៍នេះ បង្ហាញដោយបើកចំហនូវបំណងប្រាថ្នារបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីវាយប្រហារមកលើយើង (កូរ៉េខាងជើង)។

នៅពេលដែលសហរដ្ឋអាមេរិក បានកំណត់គោលនយោបាយការទូត និងសន្តិសុខរបស់ខ្លួន ក្នុងការកម្ទេចពួកយើងដោយយោធា ហើយកំពុងតែមានបំណងចង់ប្រើអាវុធវាយប្រហារមកលើពួកយើង ដូច្នេះយើងនឹងធ្វើឱ្យសហរដ្ឋអាមេរិច សោកស្តាយចំពោះយុទ្ធសាស្រ្តរបស់ខ្លួនជាមួយកាំភ្លើងធំរបស់យើង។

ភាពតានតឹងបានកើនឡើងខ្លាំង នៅពេលកូរ៉េខាងជើង បានធ្វើការសាកល្បងនុយក្លេអ៊ែរទី៦ និងដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន កាលពីខែកញ្ញា និងបានបាញ់មីស៊ីលឆ្លងទ្វីប (ICBMs) ចំនួនបីដងនៅឆ្នាំនេះ។ សហរដ្ឋអាមេរិកបាននិយាយថា ជម្រើសទាំងអស់ រួមទាំងសកម្មភាពយោធា កំពុងស្ថិតនៅលើតុចរចា ទោះបីជាតាមផ្លូវការទូតក៏ដោយ ដើម្បីដោះស្រាយការតស៊ូនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

សហគមន៍អន្តរជាតិគួរតែយល់ដឹងអំពីផែនការរបស់លោកត្រាំ ក្នុងការបង្កើតសង្គ្រាមនុយក្លេអ៊ែរមួយនៅលើឧបទ្វីបកូរ៉េ ហើយវាក៏គួរតែមើលឃើញចេតនាពិតប្រាកដរបស់គាត់ នៅពីក្រោយការផ្តល់កិច្ចពិភាក្សារបស់វ៉ាស៊ីនតោន ដែលមានគោលបំណងដើម្បីលាក់បាំង និងចេតនាអាក្រក់៕