យូអិនច្រានចោលការទទួលស្គាល់ទីក្រុង​ហេរូសាឡឹមជារបស់អ៊ីស្រាអែល

86

មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បត្តិ ទី២១ ខែធ្នូនេះ បានបោះឆ្នោតលើសេចក្តីសម្រេចមួយដោយច្រានចោលការទទួលស្គាល់ទីក្រុង​ហេរូសាឡឹមជារបស់អ៊ីស្រាអែលពីសំណាក់រដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ។ ការសម្រេចនេះគឺធ្វើឡើងដោយសម្លេង១២៨ ទល់នឹង៩ ដោយមានប្រទេសចំនួន៣៥ អនុប្បវាទ។

ការសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិនេះ គឺធ្វើឡើងបន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ត្រាំ កាលពីថ្ងៃទី៥ ខែធ្នូកន្លងទៅនេះ បានប្រកាសទទួលស្គាល់ទីក្រុង​ហេរូសាឡឹមជារបស់អ៊ីស្រាអែល ដែលបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ហើយក៏មានដែរអំពើហិង្សា កុបកម្ម ការបះបោរ ព្រមទាំងមានការបាញ់ផ្លោងគ្រាប់រ៉ូកែត និងការទំលាក់គ្រាប់បែក រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនផងដែរ។

គួររំលឹកថា សេចក្តីសម្រេ​ចរបស់លោកដូណាល់ ត្រាំ ចំពោះការទទួលស្គាល់ទីក្រុង​ហេរូសាឡឹមជារបស់អ៊ីស្រាអែលនេះ បានធ្វើឲ្យ​តំបន់ដើមបូព៌ាទាំងមូល រញ្ជួយ ជាពិសេស គឺនៅប៉ាឡេស្ទីនតែម្តង។ ថ្នាក់ដឹកនាំនយោបាយ ចលនា​​តស៊ូ​ប្រដាប់អវុធ ឬប្រជាជនប៉ាឡេស្ទីនទូទៅ បានចាត់ទុកថា ការសម្រេចរបស់លោក​ដូណាល់ ត្រាំ នេះ មិនខុសពីអំពើអយុត្តិធម៌ ហើយលំអៀងយ៉ាងច្បាស់នឹងភ្នែក៕