មន្ត្រីជាន់ខ្ពស់យូអិនមួយរូប ចាប់ផ្តើមទស្សនកិច្ចដ៏កម្រមួយទៅកាន់កូរ៉េខាងជើង

37

មន្ត្រីជាន់ខ្ពស់យូអិនមួយរូប បានចាប់ផ្តើមធ្វើដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់កូរ៉េខាងជើង នៅថ្ងៃអង្គារ៍នេះ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ជុំវិញការសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ទីក្រុងព្យុងយ៉ាង។

លោក Stephane Dujarric អ្នកនាំពាក្យរបស់យូអិន បាននិយាយកាលពីថ្ងៃចន្ទថា លោក Jeffrey Feltman អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការនយោបាយ នឹងពិភាក្សាគ្នាអំពីបញ្ហាពាក់ព័ន្ធនឹងការយកចិត្តទុកដាក់ និងព្រួយបារម្ភជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong-ho និងអ្នកដទៃទៀត។ ហើយលោក លោក Stephane Dujarric មានគម្រោងស្នាក់នៅបួនថ្ងៃ។

យោងតាមសេចក្តីរាយការណ៍ព័ត៌មានជាច្រើនបាននិយាយថា ដំណើរទស្សនកិច្ចនេះ គឺនៅក្នុងការឆ្លើយតបទៅនឹងការអញ្ជើញដ៏យូរអង្វែងមួយពីអាជ្ញាធរនៅក្នុងទីក្រុងព្យុងយ៉ាង សម្រាប់ការសន្ទនាគោលនយោបាយជាមួយយូអិន។ វានឹងក្លាយជាការពិភាក្សាទូលំទូលាយ និងមានសារៈសំខាន់បំផុត។ ទស្សនកិច្ចរបស់លោក Feltman ធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីការធ្វើតេស្តរបស់កូរ៉េខាងជើង បានបាញ់មីស៊ីលឆ្លងទ្វីបថ្មី ដែលជាក់ស្តែងអាចវាយប្រហារគ្រប់ទីកន្លែងនៅលើដីគោករបស់សហរដ្ឋអាមេរិក។

កូរ៉េខាងជើងបានប្រកាសថា ខ្លួនបានបញ្ចប់ការផលិតកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ជាមួយនឹងការធ្វើតេស្តចុងក្រោយរបស់មីស៊ីលអន្តរជាតិថ្មី Hwasong-15។

អ្នកនាំពាក្យរូបនេះ បាននិយាយថា លោកនឹងជួបជាមួយមន្រ្តីរដ្ឋាភិបាលកូរ៉េខាងជើង មន្ត្រីជាន់ខ្ពស់យូអិននិងមន្រ្តីការទូតនៅទីនោះ (កូរ៉េខាងជើង)។ ដំណើរទស្សនកិច្ចរបស់លោក Feltman គឺជាដំណើរទស្សនកិច្ចជាលើកដំបូងដោយមន្រ្តីយូអិនទៅកាន់ប្រទេសកូរ៉េខាងជើង ចាប់តាំងពីលោក Lynn Pascoe ដែលជាអ្នកស្នងតំណែងរបស់លោក បានធ្វើដំណើរទៅកាន់កូរ៉េខាងជើង កាលពីខែកុម្ភៈ ឆ្នាំ២០១០ ហើយអតីតប្រធានអង្គការសហប្រជាជាតិលោកស្រី Valerie Amos បានទៅទីនោះ កាលពីខែតុលា ឆ្នាំ២០១១។

អតីតអគ្គលេខាធិការសហប្រជាជាតិលោក បាន គីមូន គ្រោងនឹងទៅទស្សនកិច្ចនៅតំបន់ឧស្សាហកម្មអន្តរកូរ៉េ ដែលឥឡូវត្រូវបានបិទទ្វារនៅទីក្រុង Kaesong នៃប្រទេសកូរ៉េខាងជើង កាលពីខែឧសភា ឆ្នាំ២ឥ១៥ ប៉ុន្តែកូរ៉េខាងជើង បានលុបចោលការអនុម័តរបស់ខ្លួន សម្រាប់ដំណើរទស្សនកិច្ចនេះ។

ក្រុមអ្នកជំនាញរំពឹងថា ដំណើរទស្សនកិច្ចរបស់លោក Feltman អាចបន្ថយភាពតានតឹងសម្រាប់ទីក្រុងព្យុងយ៉ាង ដើម្បីចូលមកដល់តុចរចា។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសម្តែងនូវឆន្ទៈរបស់លោក ក្នុងការធ្វើជាអ្នកសម្រុះសម្រួល ដើម្បីដោះស្រាយបញ្ហាកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង។

ក្រសួងការបរទេសកូរ៉េខាងត្បូង បានស្វាគមន៍ចំពោះការផ្លាស់ប្តូរនេះ ដោយសង្ឃឹមថា ដំណើរទស្សនកិច្ចនេះ នឹងជួយផ្តល់នូវបំណងប្រាថ្នារបស់សហគមន៍អន្តរជាតិ ឱ្យកូរ៉េខាងជើងបញ្ឈប់ការបង្កហេតុ និងការគំរាមកំហែង ហើយដើរតាមផ្លូវ ឆ្ពោះទៅរកការធ្វើឱ្យគ្មានអាវុធនុយក្លេអ៊ែរ។

ក្រសួងបង្រួបបង្រួមរបស់ក្រុងសេអ៊ូល ក៏បានសម្តែងក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោក Feltman អាចជួយឱ្យកូរ៉េខាងជើង ផ្លាស់ប្តូរទិសដៅរបស់ខ្លួន។

មន្ត្រីក្រសួងម្នាក់ដោយសុំមិនបញ្ចេញឈ្មោះបាននិយាយថា យើងសង្ឃឹមថា ដំណើរទស្សនកិច្ចនេះ អាចត្រួសត្រាយផ្លូវសម្រាប់ប្រទេសកូរ៉េខាងជើង ដើម្បីពិភាក្សាគ្នា៕ ដោយ៖ Rush News