កម្ពុជាចុះកិច្ចព្រមព្រៀងជាមួយខេត្តហ៊ូប៉ី ប្រទេសចិន ដើម្បីជំរុញកំណើនភ្ញៀវទេសចរ

37

(ភ្នំពេញ)៖ កម្ពុជា និងខេត្តហ៊ូប៉ី ប្រទេសចិន បានចុះកិច្ចព្រមព្រៀងជាមួយគ្នា​ដើម្បី​ជំរុញ កំណើនទេសចរចិនមកកាន់កម្ពុជា និងពីកម្ពុជាទៅខេត្តហ៊ូប៉ី ប្រទេសចិនអោយមាន
កំណើនថែមទៀតបន្ទាប់ពីមានការភ្ជាប់ជើងហោះហើរត្រង់ជាមួយ គ្នាតាំងពីឆ្នាំ២០១២មក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់សារព័ត៌មានកម្ពុជានៅថ្ងៃទី២០ ធ្នូនេះ។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យទេសចរណ៍ ជាមួយគ្នានេះបានធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពីការជំរុញវិស័យទេសចរណ៍រវាងកម្ពុជា និងខេត្តហ៊ូប៉ី ប្រទេសចិន នៅថ្ងៃទី២០ ធ្នូនេះ នាសណ្ឋាគារសុខា​ភ្នំពេញ រាជធានីភ្នំពេញ។

លោកស្រី ហ៊ូលីវ យ៉ាន់ (Puliu Yan) នាយកគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ ខេត្តហ៊ូប៉ី ប្រទេសចិន បានឱ្យដឹងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះនឹងជំរុញកំណើនទេសចរ ទ្វេភាគីបន្ថែមមួយកម្រិតទៀត ខណៈដែលចំនួនប្រជាជននៅក្នុងខេត្តហ៊ូប៉ីមានរហូត ដល់៦០លាននាក់ ជាមួយនឹងខេត្តហ៊ូប៉ីមានតំបន់ ទេសចរណ៍វប្បធម៌បៃតងជាច្រើនផងដែរ។

លោក ឆាយ ឃុនឡុង អគ្គនាយករងទទួលបន្ទុកផ្នែកឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍ បានអះអាងថាចំនួនទេសចរចិនមកកាន់កម្ពុជា អាចកើនឡើង ដល់១លាននាក់នៅត្រឹមដំណាច់ឆ្នាំ២០១៧នេះ ដោយឈរចំណាត់ថ្នាក់លេខ១ ក្នុងចំណោមទេសចរបរទេសដែលបានមកដល់កម្ពុជាប្រមាណជិត៥លាននាក់។ លោក ថា កំណើនភ្ញៀវទេស​ចរចិននេះ គឺដោយសារតែកម្ពុជាបានផ្តល់ទំនុកចិត្ត និងសម្រួលទៅលើសេវាទេស​ចរណ៍ឆ្លើយតបតម្រូវការរបស់ទេសចរចិននៅតាមច្រកចេញចូល និងតំបន់ទេសចរណ៍នានារបស់កម្ពុជា។

សូមជម្រាបថា ផែនការទាក់ទាញភ្ញៀវទេសចរពីប្រទេសចិនត្រូវបានគេរំពឹងទុកថា នឹងកើនឡើងដល់២លាននាក់ នៅត្រឹមឆ្នាំ២០២០ បន្ទាប់ពីមានការបើកជើងហោះហើរត្រង់ នៅតំបន់ទេសចរណ៍មួយចំនួននៃប្រទេសចិន និងកម្ពុជា រួមនិងកិច្ចខិតខំទាក់ទាញវិនិយោគ បន្ថែមទៀតទៅលើវិស័យទេសចរណ៍៕