ធនាគារមេយប៊ែងគាំទ្រសកម្មភាពតម្បាញសូត្រស្រ្តីក្នុងសហគមន៍នៅកម្ពុជា

48

ភ្នំពេញ៖ ធនាគារមេយប៊ែង គាំទ្រសកម្មភាពតម្បាញសូត្រស្រ្តីក្នុងសហគមន៍នៅកម្ពុជាតាមរយៈការពង្រីកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ។លោក ដាទុ ចូហាន់ ប៉ីន អារីហ្វីន ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារមេប៊ែង បានមានប្រសាសន៍ថា ការគាំទ្រសកម្មភាពតម្បាញសូត្រស្រ្តីក្នុងសហគមន៍នៅកម្ពុជា ក្នុង ខេត្តតាកែវ នេះ ធ្វើឡើងដើម្បីជំរុញ និងលើកកម្ពស់វិស័យវាយនភ័ណ្ឌតាមបែបប្រពៃណី អោយទទួលបាននូវបរិមណផលិតផលខ្ពស់ ដែលអាចឈានទៅបង្កើនប្រាក់ចំណូលបន្ថែម ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។

លោកបន្ថែមថា ក្រោមកិច្ចគាំទ្រហរិញ្ញវត្ថុពីធនាគារមេយប៊ែង ដើម្បីពង្រីកមជ្ឈមណ្ឌល បណ្ដុះបណ្ដាលជំនាញ វិជ្ជា ជីវៈនេះ លោករំពឹងថា ប្រជាពលរដ្ឋក្នុងតំបននេះដែលជាស្ត្រី អាចបង្កើននូវប្រាក់ចំណូល នឹងទទួលបាននូវផលប្រយោជន៍ច្រើនផ្សេងទៀត ។ថ្លែងក្នុងកម្មវិធីបញ្ចុះបឋមសិលាសាងសង់អាគារបន្ថែមនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាល វិជ្ជាជីវៈតម្បាញសូត្ររបស់ធនាគារ មេយប៊ែង កាលពីចុងសប្ដាហ៍មុននេះ នៅខេត្តតាកែវ លោក ជំទាវជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថាដើម្បីបន្តជំរុញកំណើនសេដ្ឋកិច្ច រាជរដ្ឋភិបាលកម្ពុជា តែងតែចូលរួមលើក កម្ពស់ សិទ្ធិសេរីភាពរបស់ស្ត្រីក្នុងការទទួលបានចំណេះដឹង និង ជំនាញច្បាស់លាស់ដើម្បីឱ្យពួកគាត់ មាន លទ្ធភាព ស្វែងមុខរបរដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារ ។លោកជំទាវបញ្ជាក់ថា ការចូលរួមចំណែកពីធនាគារមេយប៊ែងនាពេលនេះនឹងកាន់តែធ្វើអោយស្រ្តីមានជំនាញ និងមុខរបរច្បាស់លាស់ ដើម្បីបង្កើនផ្នែកហិរញ្ញវត្ថុដល់សង្គមគ្រួសារ។គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ក្នុងឆ្នាំ២០១៧នេះ ធនាគារជាតិនៃកម្ពុជា បានចូលរួមកាត់បន្ថយគម្លាតស្រ្តី ដែលមិនទទួលបានប្រាក់ចំណូលដោយផ្ទាល់ពីអត្រា ២៧% មកនៅត្រឹម ១៣% តាមរយៈការផ្តល់ជូននូវការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ៕