រាជរដ្ឋាភិបាលកម្ពុជា-ថៃ បានឯកភាពគ្នាចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងដែនតាមរថភ្លើងនៅចុងឆ្នាំ២០១៨

43

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា-ថៃ បានឯកភាពគ្នា ឈានទៅចុះហត្ថលេខារួមគ្នាលើកិច្ច ព្រមព្រៀងដឹកជញ្ជូនឆ្លងដែនតាមរថភ្លើងនៅចុងឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីអាចបើកដំណើរ ការធ្វើចរាចរណ៍នៅដើមឆ្នាំ២០១៩ខាងមុខ។

ឯឧ.លី បូរិន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានអោយដឹងថា តាម រយៈកិច្ចប្រជុំផ្លូវដែកសឹង្ហបុរី គុនមិញនៅប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល កម្ពុជា – ថៃ បានអៈអាងដូចគ្នាថាបានបញ្ជូនកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនឆ្លងដែនតាមផ្លូវដែកទៅកាន់ក្រសួងការបរទេសរៀងៗខ្លួនរួចរាល់ហើយ ប៉ុន្តែខាងភាគីថៃថានៅរងចាំសភាអនុម័តបន្ថែមទៀតទើបអាចឈានទៅចុះហត្ថលេខារួមគ្នាដោយនាយករដ្ឋមន្រ្តីនៃប្រទេសទំាង២នៅចុងឆ្នាំ២០១៨នេះ។

ឯឧ.បានបញ្ជាក់ថា នៅក្នុងអំឡុងពេលចុះហត្ថលេខានោះភាគីថៃក៏នឹងផ្តល់ជំនួយក្បាលរថ ភ្លើងចំនួន១គ្រឿងរួមទំាងទូរថភ្លើងចំនួន៤ទូ ដើម្បីបង្ហាញពីការរឹតចំណងមិត្តភាពរវាងប្រទេស ទំាង២អោយកាន់តែស្អិតល្មួត នឹងការបើកដំណើរការសេវាដឹកជញ្ជូនទំនិញនិងមនុស្សឆ្លងដែន រវាងប្រទេសទំាង២អោយកាន់តែមានភាពរលូនដើម្បីបំរើដល់វិស័យសេដ្ឋកិច្ចជាតិ។ ឯឧ.បានបន្ថែមថា នៅពេលដែលភាគីទំាង២ កម្ពុជា – ថៃ បានចុះហត្ថលេខាហើយនោះកម្ពុជា គ្រោងនឹងចុះហត្ថលេខាជាមួយបណ្តាប្រទេសមួយចំនួនទៀត ដើម្បីអាចបើកដំណើរការឆ្លងកាត់រួមគ្នាជាមួយបណ្តាប្រទេសមួយចំនួនក្នុងគម្រោងដឹកជញ្ជូនផ្លូវដែកសឹង្ហបូរី គុនមិញប្រទេសចិន។ ឯឧ.បានអៈអាងថា គម្រោងភ្ជាប់សេវាដឹកជញ្ជូនទំនិញនិងមនុស្សតាមផ្លូវដែករវាងកម្ពុជា-ថៃនេះមានសារៈសំខាន់ណាស់ ដើម្បីកាត់បន្ថយការខូចខាតផ្លូវជាតិនិងគ្រោះហានិភ័យផ្សេងៗទៀត ខណៈដែលផ្លូវដែកដឹកបានច្រើនសេវាថោកចំណេញថវិកា។

លោកពៅ ពិសី អាជីវករនៅខេត្តបន្ទាយមានជ័យបានអោយដឹងថា សេវាដឹកជញ្ជូនមនុស្ស និងទំនិញតាមផ្លូវដែករវាងកម្ពុជា និងថៃនេះ គឺមានផលចំណេញច្រើនទំាងថវិកានិងពេលវេលា ដោយពុំចាំបាច់លើកដាក់ទំនិញចុះឡើងនៅតាមតំបន់ព្រំដែនទៀតឡើយ។

សូមបញ្ជាក់ថា ការឈានទៅភ្ជាប់សេវាដឹកជញ្ជូនផ្លូវដែករវាងកម្ពុជា-ថៃ និងបណ្តាប្រទេសមួយចំនួនទៀត បន្ទាប់ពីកម្ពុជាបានកែលម្អផ្លូវដែករបស់ខ្លួនស្របតាមស្តង់ដារ ដើម្បីបំរើសេវា ដឹកជញ្ជូនឆ្លងដែនអន្តរជាតិ។