Real Madrid លើកពានក្របខ័ណ្ឌ UEFA Champions League 3ឆ្នាំជាប់ៗគ្នា

35

ក្រុមបាល់ទាត់ Real Madrid នៅរាត្រីថ្ងៃសៅរ៍បានផ្តួលក្រុមបាល់ទាត់ Liverpool 3-1 ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League ឆ្នាំ2018 ដើម្បីក្លាយជាក្រុមដំបូងបន្ទាប់ពីក្រុមបាល់ទាត់ Bayern Munich ក្នុងឆ្នាំ 1976 ដើម្បីលើកពាននេះអស់រយៈពេលបីឆ្នាំជាប់ៗគ្នា។នៅក្នុងការប្រកួតដែលត្រូវបានរៀបចំឡើងនៅពហុកីឡដ្ឋានអូឡាំពិក NSC នៅទីក្រុងគីវ ក្នុងប្រទេសអ៊ុយក្រែន ដែលមានអ្នកទស្សនាប្រហែល 63,000 នាក់ ក្រុមទាំងពីរបានចាប់ផ្តើមសម្រុកគ្នាយ៉ាងពុះកញ្ជ្រោល។ទោះបីជាយ៉ាងណាក៏ដោយការរងរបួសនិងការជំនួសកីឡាករ Mohamed Salah និងកីឡាករ Dani Carvajal បានធ្វើឱ្យល្បឿននៃការប្រកួតបានធ្លាក់ចុះនៅតង់ទី1 ហើយបញ្ចប់ដោយពុំមានគ្រាប់បាល់ទម្លុះសំណាញ់ទីក្នុងក្រុមនិមួយៗឡើយ។ក្រុមរបស់លោក Zinedine Zidane បានគ្រប់គ្រងបាល់នៅដើមតង់ទី 2 ហើយកីឡាករ Karim Benzema បានស៊ុតគ្រាប់បាល់តំបូងក្នុងសំណាញ់ទីរបស់ក្រុម Liverpool នៅនាទី 51។

កីឡាករ Sadio Mane របស់ក្រុម Liverpool  បានស៊ុតបញ្ចូលទីត្រឹមតែ 4 នាទីប៉ុណ្ណោះបន្ទាប់ពីការស៊ុតបញ្ចូលទីរបស់ Benzem ប៉ុន្តែនៅនាទីទី 64 កីឡាករ Gareth Bale បានរកគ្រាប់បាល់ឱ្យ Real Madrid នាំមុខ 2-1។កីឡាករ Bale បានរកគ្រាប់បាល់ទី 2 របស់គាត់ក្នុងការប្រកួតនៅនាទីទី83 បានធ្វើអោយក្រុមអធិរាជសពីប្រទេសអេស្ប៉ាញទទួលជ័យជម្នះ។ជាមួយនឹងជ័យជម្នះនេះដែរ ក្រុម Real Madrid បានឈ្នះពានរង្វាន់ជើងឯកក្របខ័ណ្ឌ Champions League លើកទី 13 របស់ខ្លួនជាតំណែងដែលក្លឹបយក្សនេះទទួលបានជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃការប្រកួត៕