តុលាការកោះហៅលោក ជា មុន្នី អោយចូលមកបំភ្លឺជុំវិញបណ្តឹងរបស់សហជីព

54

(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានចេញដីកា​កោះ​ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ អោយលោក ជា មុន្នី សមាជិក​ក្រុម​ប្រឹក្សាឃ្លាំមើលកម្ពុជា និងជាអតីតប្រធានសហជីពសេរីកម្មករកម្ពុជា ចូលមកបំភ្លឺនៅតុលាការ ជុំវិញបណ្តឹង​ដែល​ប្តឹង​ដោយមេធាវីសហជីពពីបទញុះញុង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧។

ក្នុងដីកាកោះរបស់ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានអោយ លោក ជា មុន្នី ចូលមកបំភ្លឺនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក។ លោក ជា មុន្នី ត្រូវចូលមក បំភ្លឺតាមការកំណត់របស់តុលាការ ដោយយកមកជាមួយនិងលិខិតស្នាមផ្សេងៗ ដែលពាក់ព័ន្ធរឿងក្តីនេះ។

សូមជម្រាបថា មេធាវីតំណាងឲ្យសហភាព និងសហព័ន្ធសហជីពកម្មករចំនួន១២០ កាលពីថ្ងៃ ទី១៨ ខែធ្នូកន្លងទៅនេះ បានដាក់បណ្តឹងទៅសាលាដំបូងដោយប្តឹងលោក ជា មុន្នី សមាជិក​ក្រុម​ប្រឹក្សាឃ្លាំមើលកម្ពុជា និងជាអតីតប្រធានសហជីពសេរីកម្មករកម្ពុជាពីបទញុះញុង។

បណ្តឹងរបស់ក្រុមសហជីពនេះ គឺធ្វើឡើងបន្ទាប់ពីលោក ជា មុន្នី បាននិយាយតាមវិទ្យុអាស៊ី​សេរីកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ដោយអំពាវនាវឲ្យសហគមន៍អឺរ៉ុបដាក់ទណ្ឌកម្មមក​លើ​រដ្ឋាភិបាលកម្ពុជា ឲ្យកាន់តែលឿនបើរដ្ឋាភិបាលមិនអើពើចំពោះកង្វល់របស់សហគមន៍អឺរ៉ុប​ជុំវិញស្ថានការនយោបាយនៅកម្ពុជាក្រោយរំលាយបក្សប្រឆាំង។

ក្នុងពាក្យបណ្តឹងរបស់មេធាវីតំណាងឲ្យសហភាព និងសហព័ន្ធសហជីពកម្មករ បានចាត់ទុក​ការអំពាវនាវរបស់លោក ជា មុន្នី ថាមានចេតនាចង់ឲ្យអ្នកបញ្ជាទិញទាំងអស់ ឈប់ធ្វើការ​បញ្ជា​ទិញលើផលិតផលវាយនភ័ណ្ឌ និងផលិតផលផ្សេងៗដែលនាំចេញពីកម្ពុជា ទៅលក់​នៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបដើម្បីដាក់គំនាបឲ្យរដ្ឋាភិបាលមកធ្វើការចរចា និងដោះ​ស្រាយ​វិបត្តិនយោបាយជាគណបក្សប្រឆាំងឡើងវិញ។

ជាមួយគ្នានេះដែរ ពាក្យសម្តីរបស់លោក ជា មុន្នី ក៏ជាការបង្ហាញឲ្យឃើញនូវហានិភ័យធំៗ​ចំនួន​ពីរ រួមមាន សហគមន៍អឺរ៉ុប ក៏ដូចជាអ្នកបញ្ជាទិញនឹងឈប់ធ្វើការបញ្ជាទិញ ហើយពាក្យ​សម្តី​នេះទៀតសោត ក៏ជាការញុះញង់ឲ្យកម្មករទាំងអស់មានការថ្នាំងថ្នាក់ ឬស្អប់ខ្ពើមរដ្ឋាភិ​បាល ហើយងើបមកប្រឆាំង។ នេះគឺជាបញ្ជាក់របស់មេធាវីនៅក្នុងពាក្យបណ្តឹង។

មេធាវីតំណាងឲ្យសហភាព និងសហព័ន្ធសហជីពកម្មករ បានស្នើឲ្យអយ្យការ​តុលាការ​ក្រុង​ភ្នំពេញ ធ្វើការចោទប្រកាន់លោក ជា មុន្នី និងបក្ខពួក និងទាមទារសំណងជំងឺចិត្ត​ចំនួន១​លាន​ដុល្លារផងដែរ៕