អភិបាលរងខេត្តកំពង់ឆ្នាំង ៖ ទិវាវប្បធម៌ជាតិ ជាការជម្រុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង និងការបំផុសស្មារតីអោយស្រឡាញ់វប្បធម៌និងមនសិកាជាតិដល់ប្រជាពលរដ្ឋ

7

 

ខេត្តកំពង់ឆ្នាំង ៖ លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងតំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងលើកឡើងថា ៖ ទិវាវប្បធម៌ជាតិ ជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិរយៈពេល៤៥ឆ្នាំដែលរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្រ្តី និង រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់រៀបចំពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់គុណូបការៈ និងស្នាដែយ៉ាងវិសេសវិសាលរបស់បុព្វបុរសនៃយើងដែលបានទុកនូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃជាប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបានដល់កូនចៅជំនាន់ក្រោយ។

ទិវាវប្បធម៌ជាតិនេះ គឺជាការជម្រុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង និងការបំផុសស្មារតីអោយស្រឡាញ់វប្បធម៌និងមនសិកាជាតិដល់ប្រជាពលរដ្ឋ និងយុវជនដែលជាទំពាំងស្នងឬស្សី ដើម្បីចូលរួមការពារបានគង់វង្សនូវសម្បត្តិ វប្បធម៌ជាតិ និង វប្បធម៌ចម្រុះនៃសហគមន៍ជនជាតិនៅព្រះរាជាណាចក្រកម្ពុជា រក្សាបាននូវឯករាជ្យជាតិ សាមគ្គីភាព សន្តិភាព និង ការអភិវឌ្ឍ។

លោក យិន សាវ៉េន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរវប្បធម៌និងវិចិត្រសិល្បះ ខេត្តកំពង់ឆ្នាំង ក្នុងការប្រារពទិវាវប្បធម៌ជាតិ លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ (យុវជនដើម្បីវប្បធម៌ជាតិ) ដោយមានការចូលរួមពីប្រធានអង្គភាពជុំវិញខេត្ត មន្រ្តីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង លោកគ្រូអ្នកគ្រូ សិស្សានុសិស្សសរុបប្រមាណ៧០នាក់ផងដែរ។

លោក យិន សាវ៉េន បន្តថា៖ វប្បធម៌ជាតិដែលជាប្រភពធនធានមិនចេះរីងស្ងួតប្រកបដោយសក្កានុពល ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើតសេវាកម្ម និង ផលិតកម្មវប្បធម៌សម្រាប់គោលបំណង ពាណិជ្ជកម្ម និង ទេសចរណ៍បង្កើនការចូលរួមក្នុងការសិក្សាស្រាវជ្រាវ ដើម្បីចងក្រងទុកឲ្យបានគង់វង្ស នូវរាល់ឯកសារបេតិកភណ្ឌវប្បធម៌របស់ប្រទេសដែលមានក្នុងមូលដ្ឋានរបស់ខ្លួនព្រមទាំងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ក្នុងន័យបង្កើនការងារកាលានុវត្តិភាពដល់ប្រជាពលរដ្ឋទាំងអស់ឲ្យខិតខំបង្កើតស្នាដៃវប្បធម៌ថ្មីប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការចូលរួមអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។

ដោយបច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីកំពុងបន្តយកចិត្តទុកដាកថែរក្សាការពារនិងអភិរក្សមរតកវប្បធម៌ ដូចជាអ្នកច្រៀងចាប៉ីដងវែង អ្នកច្រៀងអាយ៉ៃ ជាដើមដែលចាត់ទុកពួកគាត់ថាជាមរតកមនុស្សរស់ ដែលយុវជនទាំងអស់ ត្រូវតែរៀនសូត្រ យកស្នាដៃល្អ របស់គាត់រក្សាទុកជាមរតកវប្បធម៌របស់ខ្មែរពិតៗ សំរាបកូនចៅជំនាន់ក្រោយ។

ជាមួយគ្នានេះលោក យិន សាវ៉េន បានសំណូមពរ ដល់អ្នកធ្វើការងារវប្បធម៌ទាំងអស់សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ថែរក្សាការពារទួលបុរាណ ដែលមាននៅក្នុងខេត្ត ដូចជាប្រាសាទកំពង់ព្រះ ទួលបុរាណសំរោងសែន ទួលវត្តត្រឡែងកែង និងវត្តកំពង់ត្រឡាចក្រោមជាដើម ដែលសុទ្ធតែជាស្នាដៃរបស់បុព្វបុរស យើងតាំងពីសម័យបុរាណដែលយើងចាំបាច់ត្រូវតែរក្សាការពារឲ្យបានគង់វង្ស ដើម្បីទេសចរណ៍មកលេងកំសាន្តនិងស្វែងយល់អំពីវប្បធម៌របស់ជាតិ៕