របាយការណ៍៖ យូអិនគ្រោងនឹងបោះឆ្នោតដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង នៅថ្ងៃសុក្រនេះ

39

យោងតាមរបាយការណ៍ព័ត៌មានមួយបានឱ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (យូអិន) គ្រោងនឹងបោះឆ្នោតនៅថ្ងៃសុក្រនេះ លើការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងកូរ៉េខាងជើង ដែលរួមមានការរឹតបន្តឹងបន្ថែមទៀត ទៅលើការនាំចូលប្រេងរបស់ខ្លួន។

វិធានការនេះ ឆ្លើយតបនឹងការសាកល្បងចុងក្រោយបំផុតរបស់កូរ៉េខាងជើង នៃមីស៊ីលផ្លោងអន្តរទ្វីប កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដែលរបបកុម្មុយនិស្តមួយនេះ បានអះអាងថា មានសមត្ថភាពបំពាក់ក្បាលគ្រាប់អាវុធនុយក្លេអ៊ែរអាចទៅដល់ទឹកដីសហរដ្ឋអាមេរិក បានគ្រាប់ទីកន្លែង។

សេចក្តីព្រាងនេះ ត្រូវបានផ្សព្វផ្សាយដោយសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ហើយនឹងត្រូវបានបោះឆ្នោតនៅម៉ោង ១កន្លះ។ សេចក្តីព្រាងនេះ ព្យាយាមកាត់បន្ថយការនាំចេញផលិតផលប្រេង ដែលចម្រាញ់ចេញទៅកាន់ប្រទេសកូរ៉េខាងជើងជិត ៩០ភាគរយនៅក្នុងគោលបំណង ដើម្បីបញ្ឈប់ការអភិវឌ្ឍន៍លើកម្មវិធីមីស៊ីលនុយក្លេអ៊ែរ និងគ្រាប់ផ្លោង។ ក្រុមប្រឹក្សានេះ បានដាក់កម្រិតប្រចាំឆ្នាំចំនួន ២ លានបារ៉ែល ហើយសេចក្តីសម្រេចថ្មីនេះ អំពាវនាវអោយមានការកាត់បន្ថយបន្ថែមទៀត ដល់ចំនួន ៥០ម៉ឺនបារ៉ែល។

ទណ្ឌកម្មដែលស្នើឡើងផ្សេងទៀត រួមមានការធ្វើមាតុភូមិនិវត្តន៍កម្មករបរទេសកូរ៉េខាងជើង ក្នុងរយៈពេល ១២ខែក្រោយទៀត។ ប្រាក់ចំណូលរបស់កម្មករត្រូវបានគេជឿថា ត្រូវបានជំរិតយកដោយរបបព្យុងយ៉ាង ដើម្បីផ្តល់មូលនិធិដល់ការអភិវឌ្ឍអាវុធរបស់ខ្លួន។ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ក៏មានការហាមឃាត់ផងដែរ លើការនាំចូលផលិតផលម្ហូបអាហារកូរ៉េខាងជើង គ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក ឈើ នាវា និងថ្ម ដូចជាម៉ាញ៉េស្យូម។

ប្រសិនបើបានអនុម័តសេចក្តីសម្រេចចិត្តនេះ ក៏នឹងអនុញ្ញាតឱ្យប្រទេសនានា ចាប់យកការត្រួតពិនិត្យ និងបង្កកនាវា នៅក្នុងកំពង់ផែ និងផ្លូវទឹករបស់ពួកគេ ដែលគេសង្ស័យថា ដឹកជញ្ជូនទំនិញហាមឃាត់ ទៅនិងមកពីកូរ៉េខាងជើង។ វាក៏នឹងដាក់បញ្ចូលជនអន្តោប្រវេសន៍កូរ៉េខាងជើងចំនួន ១៩នាក់ និងក្រសួងមហាផ្ទៃកងកម្លាំងប្រដាប់អាវុធប្រជាជនរបស់ប្រទេសនេះ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សានេះ បានអនុម័តជាឯកច្ឆន្ទនូវការដាក់ទណ្ឌកម្មចំនួនពីរ បន្ទាប់ពីការធ្វើតេស្តបាញ់មីស៊ីលថ្មី ICBM របស់កូរ៉េខាងជើង កាលពីខែកក្កដា និងការធ្វើតេស្តនុយក្លេអ៊ែរលើកទី០៦ របស់ខ្លួន នៅក្នុងខែកញ្ញា៕