លោកគីមអំពាវនាវឱ្យកូរ៉េខាងជើង ផលិតក្បាលគ្រាប់នុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីប ឲ្យបានច្រើនជាងមុន

35

មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានថ្លែងសុន្ទរកថាមួយនៅក្នុងពិធីឆ្លងចូលឆ្នាំថ្មីនេះ បានអំពាវនាវប្រទេសរបស់លោកបង្កើនល្បឿនផលិតក្បាលគ្រាប់នុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីប ឲ្យបានច្រើនជាងមុន តាមដែលអាចធ្វើទៅបាន។

លោកគីមត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងថា វាចាំបាច់ណាស់ នៅក្នុងការធ្វើសកម្មភាពទ្រង់ទ្រាយធំ និងការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីប។ លោកគីមបាននិយាយថា កូរ៉េខាងជើងអាចទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរណាមួយពីសហរដ្ឋអាមេរិក ហើយខ្លួនមានអាវុធនុយក្លេអ៊ែរដ៏រឹងមាំ ដែលអាចទប់ទល់អាមេរិកបាន។

មេដឹកនាំកូរ៉េខាងជើង ក៏បានសង្កត់ធ្ងន់ថា ប៊ូតុងចុចបញ្ជាក្បាលគ្រាប់នុយក្លេអ៊ែរតែងតែនៅលើតុរបស់ខ្ញុំជានិច្ច ហើយខ្ញុំអាចបញ្ជាវាបាញ់ចេញពេលណាក៏បានដែរ។ ដូច្នេះវាមិនមែនជាការគំរាមកំហែងទេ តែនេះវាជាការពិត។

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានដកស្រង់សម្តីរបស់លោក គីម ជុងអ៊ុន ក៏បាននិយាយផងដែរថា កូរ៉េខាងជើងត្រៀមខ្លួនបញ្ជូនអត្តពលិករបស់ខ្លួន ទៅប្រកួតកីឡាអូឡាំពិករដូវរងារឆ្នាំ២០១៨ នៅតំបន់ Pyeongchang របស់កូរ៉េខាងត្បូង។ ការប្រកួតកីឡារដូវរងា ដែលនឹងប្រព្រឹត្តទៅនៅប្រទេសកូរ៉េខាងត្បូង នឹងក្លាយជាឱកាសដ៏ល្អសម្រាប់ប្រទេសយើង ដោយសង្ឃឹមយ៉ាងមុតមាំថា កីឡាអូឡាំពិករដូវរងា នឹងទទួលជោគជ័យ។ យើងត្រៀមខ្លួនអនុវត្តជំហានផ្សេងៗ រួមទាំងការបញ្ជូនគណៈប្រតិភូផងដែរ។

លោកគីមក៏បាននិយាយផងដែរថា ទីក្រុងព្យុងយ៉ាងបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចាជាមួយក្រុងសេអ៊ូល ស្តីពីការចូលរួមរបស់អត្តពលិកកូរ៉េខាងជើង នៅក្នុងការប្រកួតនេះ។ ជាបឋមវាចាំបាច់ណាស់ក្នុងការកាត់បន្ថយភាពតានតឹងផ្នែកយោធារវាងកូរ៉េខាងជើង និងខាងត្បូង ដើម្បីបង្កើតបរិយាកាសសន្តិភាពនៅលើឧបទ្វីបកូរ៉េ។

សូមបញ្ជាក់ថា ភាពតានតឹងជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង កាលពីពេលថ្មីៗនេះ គឺដោយសារតែការធ្វើតេស្តអាវុធនុយក្លេអ៊ែរម្តងហើយម្តងទៀត ដែលធ្វើឡើងដោយក្រុងព្យុងយ៉ាង ក្នុងការរំលោភលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ ជាវិធានការឆ្លើយតបអង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្មជាច្រើនប្រឆាំងនឹងក្រុងព្យុងយ៉ាង ដែលមានគោលបំណងរារាំងការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕