ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយផែនការកំណែទម្រង់ របស់កងយោធពលខេមរភូមិន្ទ និងក្រមសីលធម៌ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ក្នុងដំណើរការបោះឆ្នោត។

12

 

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤​
នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានដំណើរការផ្សព្វផ្សាយខ្លឹមសារ​សំខាន់ៗ​ របស់​អង្គ​សិក្ខា​សាលា​បូក​សរុប​លទ្ធផល​ការ​ងារ​យោធា​ សន្តិសុខ​ឆ្នំា​២០២៣​ និង​ទិសដៅ​អនុវត្តបន្ត​ឆ្នាំ​២០២៤​ ស្តីពី​ផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ និងផ្សព្វផ្សាយក្រមសីលធម៌ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ក្នុងដំណើរការបោះឆ្នោត ដែលពិធីផ្សព្វផ្សាយនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម​ ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែង អំណរគុណចំពោះវិរភាពដ៏អង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង​ និងពលទាហាននៃ​បញ្ជាការ​ដ្ឋាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ​  ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា​ពិសេស​ក្នុង​សម័យ​សង្គ្រាមស៊ីវិល ដើម្បីការពារទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ប៉ុលពត និងក្នងពេលសង្គ្រាមឈ្លានពាននៅតាមព្រំដែនកម្ពុជា​.ថៃ នាពេលកន្លងទៅ​  ហើយ​នៅ ក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយខ្លឹមសារសំខាន់ៗ និងបទបញ្ជាមួយចំនួនរបស់ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ដែលបានថ្លែងនៅក្នុងអង្គសិក្ខា សាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៣ និងដាក់ចេញនូវទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៤ របស់បញ្ជាការដ្ឋានកងទ័ព ជើងគោក កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤​ កន្លងទៅថ្មីៗនេះ។

​ឧត្តមសេនីយ៍​ទោ​ បាន​ណែនាំ​ដល់​យោធិនគ្រប់រូបត្រូវចូលរួមយ៉ាងសកម្ម ក្នុងការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ មានជាអាទិ៍ ការដាក់យោធិនឲ្យចូលសោធននិវត្តន៍សម្រាប់ឆ្នាំ២០២៤ និងបណ្ដាឆ្នាំខាង មុខ។ ការហ្វឹកហ្វឺនរៀនសូត្រពង្រឹងតួនាទីភារកិច្ច និងវិន័យរបស់កងកម្លាំង ការអភិវឌ្ឍធនធានមនុស្ស​ និងការគ្រប់គ្រងគ្រឿងសម្ភារៈបច្ចេកទេសយោធា តាមប្រព័ន្ធព័ត៌មានវិទ្យា ប្រកបដោយប្រសិទ្ធភាព ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ភារកិច្ច ជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងយោធិនគ្រប់រូប ត្រូវត្រៀមកម្លាំងអន្តរាគមន៍ដេីម្បីចូលរួមសហប្រតិបត្តិការឲ្យបានល្អ ក្នុងកិច្ចការ ពារសន្តិសុខ សុវត្ថិភាព ជូនគណបក្សនយោ បាយនានា ដោយស្មើភាពគ្នាក្នុងដំណើរការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នៅក្រមសីលធម៌ សម្រាប់កងយោធ ពលខេមរភូមិន្ទ ក្នុងដំណើរការបោះឆ្នោតជ្រើស តាំងព្រឹទ្ធសភានៅពេលខាងមុខ ឱ្យទទួលបានសុវត្ថិភាព​ និងជោគជ័យ។