អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារដីតំបន់បី ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

22

 

(កំពង់ធំ)៖ បន្ទាប់ពីអាជ្ញាធរខេត្តកំពង់ធំ និងក្រុមការងារចម្រុះ ចុះត្រួតពិនិត្យស្ថានភាពដីតំបន់បី ក្នុងភូមិសាស្ត្រខេត្ត រយៈពេលបីថ្ងៃកន្លងមក ដែលជនខិលខូចកំពុងតែរុករានទន្ទ្រានរំលោភយកដីរដ្ឋធ្វើស្រែប្រាំងធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយពុំរាយការណ៍មកអាជ្ញាធរមូលដ្ឋាននោះឡើយ។

នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារដីតំបន់បី ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលបានកំពុងទទួលរងនូវការកាប់ទន្រ្ទានដីរដ្ឋធ្វើស្រែប្រាំង និងជីកប្រឡាយយកទឹកមកស្រោចស្រពលើស្រូវប្រាំង មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនថែមទៀតផង។

ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ បានឱ្យលោកអភិបាលក្រុង/ស្រុក និងមន្ត្រីពាក់ព័ន្ធ ឡើងរាយការណ៍សង្ខេប អំពីស្ថានភាពដីតំបន់បី ក្នុងភូមិសាស្ត្ររបស់ខ្លួន ពាក់ព័ន្ធទៅនឹងជនខិលខូចនៅតែប្រព្រឹត្តអំពើខុសច្បាប់ចង់បានដីរដ្ឋនៅដីតំបន់បី ធ្វើឱ្យប៉ះពាល់ដល់ព្រៃលិចទឹក ជាជំរកមច្ឆាជាតិគ្រប់ប្រភេទ។

ទន្ទឹមនឹងនោះ ឯកឧត្តម ងួន រតនៈ បានបញ្ជាក់ថា សូមឱ្យលោកអភិបាលក្រុង/ស្រុកទាំង៦ ត្រូវកំណត់ផែនទីឱ្យបានគ្រប់ក្រុងស្រុក ផលិតផែនទីបន្ថែមពីតំបន់ដីដែលទន្រ្ទានដាក់ពណ៌ឱ្យបានច្បាស់លាស់ ដើម្បីឱ្យគណៈប្រតិភូងាយយល់។ក្នុងការបង្ហាញសូមយកផែនទីក្រុង/ស្រុក បញ្ជាក់អំពីការឆ្វៀលនៅកន្លែងណា ដែលទន្ទ្រានថ្មីនៅកន្លែងណាឱ្យមានភាពច្បាស់លាស់បង្ហាញពីទីតាំង បញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋ។ សូមឱ្យក្រុង/ស្រុកនិមួយៗឱ្យមានរបាយការណ៍ជាអក្សរ(ពីភូមិសាស្ត្រ បញ្ហាប្រឈម សំណូមពរ) និងផែនការបន្តទៀតពីការរុករានទន្រ្ទានដីរដ្ឋរបស់ជនខិលខូចដែលកើតឡើងជាបន្តបន្ទាប់។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានសំណូមពរបន្ថែម សូមឱ្យសមត្ថកិច្ចជំនាញ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត និងអាជ្ញាធរស្រុកចុះផ្សព្វផ្សាយដល់ប្រជាកសិករស្គាល់ដីរដ្ឋនៅតំបន់ហាមឃាត់ ត្រូវកាត់ផ្ដាច់នូវប្រភពហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹក និងបន្តបង្ក្រាបជាក់ស្ដែងចំពោះជនល្មើសនៅតែប្រព្រឹត្ត។ ត្រូវអនុវត្តវិធានការដាក់កម្លាំងជំនាញរហូតនៅលើដីរដ្ឋដែលបានរុករានទន្ទ្រានកន្លងមក ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាដែលបានប្រព្រឹត្តលើករណីនេះ ប្រសិនមានបញ្ហាអ្វីកើតឡើង ត្រូវបញ្ជូនទៅតុលាការ ចាត់ចែងទៅតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ផងដែរថា ដីនៅតំបន់បី ដែលជនខិលខូចដែលកំពុងរុករានទន្ទ្រានដីរដ្ឋមកធ្វើស្រែប្រាំង និងជីកប្រឡាយជាច្រើនមានចំនួន៦ក្រុង/ស្រុកគឺ(ក្រុងស្ទឹងសែន ស្រុកស្ទោង ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកបារាយណ៍ និងស្រុកតាំងគោក៕