ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត៖ ក្រុមការងារចុះបញ្ជីដីក្នុងតំបន់២ និងតំបន់៣កាត់ឆ្វៀលមកតំបន់២ ត្រូវអនុវត្តការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈឲ្យបានល្អ

59

 

(កំពង់ធំ)៖លោក អុឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ បានលើកឡើងថាក្រុមការងារចុះបញ្ជីដីក្នុងតំបន់ពីរនិងតំបន់បីកាត់មកតំបន់ពីរត្រូវអនុវត្តការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈឲ្យបានល្អ។

លោក អុឹម សុឌីណា បានថ្លែងដូចនេះនៅក្នុងកិច្ចប្រជុំស្ដីពីការវាស់វែងផ្ដល់ប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់និងអាស្រ័យផលលើដីរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ធំ រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលខេត្ត។
លោកបានបន្តថាកិច្ចការងារចុះវាស់វែងដីធ្លីនៅក្នុងតំបន់ដីកាត់ឆ្វៀលនេះក្រុមការងារទាំងអស់ទាំងមន្ត្រីក្របខណ្ឌនិងមន្ត្រីកិច្ចសន្យាត្រូវធ្វើយ៉ាងណាត្រូវតែយល់ដឹងឲ្យបានច្បាស់លាស់ក្នុងកិច្ចការនេះ ពីព្រោះយើងមិនចង់ឲ្យមានព័ត៌មាននៅការយល់ដឹងខុសគ្នានោះទេដូច្នេះក្រុមការងារដែលមានចំណុចខ្វះខាត មិនទាន់យល់ច្បាស់ពីនីតិវិធីនេះត្រូវតែសាកសួរមុននឹងយើងចុះទៅអនុវត្ត ដើម្បីជៀសវាងនៅចំណុចណាមួយដែលធ្វើឲ្យមានការភាន់ច្រឡំ។
នេះគឺជាចំណុចអាទិភាពសំខាន់ៗដែលលោកប្រធានមន្ទីរបានដាក់ជូនដល់ក្រុមការងារ៖
១. ត្រូវមានវិន័យនិងក្រមសីលធម៌វិជ្ជាជីវៈប្រកបដោយការទទួលខុសត្រូវខ្ពស់
២. ត្រូវប្រើពាក្យសម្ដីឲ្យសមរម្យចំពោះបងប្អូនប្រជាពលរដ្ឋ
៣.ត្រូវគោរពពេលវេលាឲ្យបានទៀងទាត់ពីព្រោះវាជាកត្តាជំរុញឲ្យដំណើរការការងារវាស់វែងបានទាន់ពេលវេលា
៤. សហការល្អជាមួយអាជ្ញាធរមូលដ្ឋានបងប្អូនប្រជាពលរដ្ឋគ្រប់ប្រភេទពិសេសជាមួយចាស់ព្រឹទ្ធាចារ្យដែលជាម្ចាស់ស្រុកដែនដីនៅទីនោះផ្ទាល់
៥.មិនទាមទាររកអត្ថប្រយោជន៍លើការងារវាស់វែង ការវិនិច្ឆ័យណាមួយដែលធ្វើឲ្យមានផលប៉ះពាល់ដល់ កិត្តិយស កេរ្តិ៍ឈ្មោះរបស់ស្ថាប័នស្ថាប័នអង្គភាពទាំងមូល
៦.ក្នុងករណីមានការតវ៉ាពីបងប្អូនប្រជាពលរដ្ឋដែលខុសពីផែនទីកាត់ឆ្វៀល ក្រុមការងារត្រូវបញ្ជាក់ដល់ពួកគាត់ពីអនុក្រឹត្យដែលរដ្ឋាភិបាលបានប្រកាសចេញជាផ្លូវការ។
លោកបានបន្ថែមទៀតថាក្រុមការងារយើងនិងស្នើអាជ្ញាធរជួយសម្របសម្រួលកន្លែងស្នាក់នៅអាហារហូបចុក និងសុវត្ថិភាពដល់ក្រុមការងារ ព្រមទាំងជំរុញឲ្យប្រជាពលរដ្ឋជាម្ចាស់ដីក្នុងតំបន់ឆ្វៀលពី៣មក២ ក្នុងតំបន់២ និងក្នុងតំបន់១ឱ្យមកចូលរួមជាមួយមន្ត្រីជំនាញបានសកម្ម និងឆាប់រហ័ស (វាស់វែង បំពេញ បិទផ្សាយ) ព្រមទាំងស្នាដល់អាជ្ញាធរជួយសហការបន្ថែមទៀតក្នុងការចូលរួមគ្រប់សកម្មភាពការចុះវាស់វែង ការប្រមូលទិន្នន័យនិងបិទផ្សាយនិងសម្របសម្រួលឯកសាររណបផ្សេងៗ (ឯកសារប្រវត្តិដីធ្លីជាដើម) ជូនដល់ប្រជាពលរដ្ឋ ហើយរូបលោកនិងចុះទៅផ្ទាល់ដើម្បីស្វែងយល់ពីស្ថានភាពក្រុមការងារ តម្រូវការ ការលំបាកផ្សេងៗដើម្បីចូលរួម និងសម្រប សម្រួលឲ្យបានទាន់ពេលវេលា។

ចុងបញ្ចប់លោក អុឹម សុឌីណា សង្ឃឹមថាក្រុមការងារទាំងអស់និងខិតខំប្រឹងប្រែងបំពេញកិច្ចការនេះប្រកបទៅដោយប្រសិទ្ធភាព តម្លាភាព ព្រមទាំងទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្តៅ ពីបងប្អូនប្រជាពលរដ្ឋទាំងអស់។

សូមបញ្ជាក់ថាការចុះវាស់វែងនេះនិងចាប់ផ្ដើមពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះដែលមានស្រុកចំនួន៦គឺ ស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកសន្ទុក ស្រុកកំពង់ស្វាយ ស្រុកស្ទោង និងក្រុងស្ទឹងសែន ដោយរៀបចំផែនការត្រឹមរយៈពេល ៣ខែដោយបូករួមការវាស់វែង ប្រមូលទិន្នន័យ និងបិទផ្សាយ ព្រមទាំងលើកសំណើស្នើសុំចេញប័ណ្ណប្រើប្រាស់និងអាស្រ័យផលជូនប្រជាពលរដ្ឋតាមរយៈគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តទៅក្រសួងដើម្បីពិនិត្យនិងសម្រេច។