អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលស្រូវប្រាំងដែលកំពុងខ្វះខាតទឹកនៅឃុំស្ទឹងត្រង់ ដើម្បីធ្វើការអន្តរាគមន៍ជួយសង្គ្រោះបានទាន់ពេលវេលា

19



ប៉ៃលិន៖ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរ ដោយមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារ បានអញ្ជើញ ចុះពិនិត្យមើលស្ថានភាពស្រូវ ប្រាំងរបស់ ប្រជាកសិករ ជាង ៥០ហិចតានៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដើម្បីអោយមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត រកដំណោះស្រាយ ធ្វើការបូមទឹក សង្គ្រោះ បាន ទាន់ពេលវេលា ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ជំរុញ ដល់មន្ត្រី ជំនាញ ពាក់ព័ន្ធ  ជា ពិសេស មន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ ចុះសិក្សាស្វែងយល់ដល់ មូលដ្ឋាន ដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែង នូវ រាល់ ប្រភព ទឹក ដើម្បី ធ្វើយ៉ាងណាជួយអន្តរាគមន៍ បូម ឬ បញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះស្រូវរបស់ ប្រជា ពល រដ្ឋ ដែលប្រឈម និងការខូចខាត ដោយសារខ្វះទឹក គឺមិនត្រូវទុក ឲ្យមានការខូចខាត ដោយយើងមិនបានជួយពួក គាត់ ឲ្យអស់លទ្ធភាព ដែល មាននោះឡើយ ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ចំពោះបញ្ហាប្រឈម សំណូមពរ និងការ លំបាក របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន គឺសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែមានការគិតគូរយកចិត្តទុកដាក់ខ្ពស់គ្រប់កាលៈទេសៈ និងដោះស្រាយ បានទាន់ពេល វេលា បើទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ជាពិសេសសម្ដេចទាំងទ្វេរ តែងតែបានណែនាំ និងជំរុញដល់ ស្ថាប័ន ជំនាញ និងអាជ្ញាធរ ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានជាប្រចាំ ដើម្បីចុះជួយអន្តរាគមន៍ដោះស្រាយ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍សំនូមពរដល់បងប្អូនប្រជាកសិករ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យការងារជួយអន្តរាគមន៍សង្គ្រោះស្រូវ តាមរយៈការ បូម ឬបញ្ជូនទឹកបញ្ចូលស្រែ បានដោយរលូន ទាន់ពេលវេលា ប្រកបដោយសមធម៌ និងតម្លាភាព ដែលជាការ រួមចំណែក លើក ស្ទួយ ជីវភាព ពលរដ្ឋ តាមរយៈ វិស័យ កសិកម្ម ៕

ប្រជាកសិករបានសំដែងនូវភាពរីករាយ និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំខេត្ត ដែលបានយកចិត្តទុកដាក់ក្នុង ការជួយ អន្តរាគមន៍រកដំណោះស្រាយ បញ្ហាស្រូវប្រាំងរបស់ពួកគាត់ ដែលកំពុងខ្វះខាតទឹក ព្រោះថាស្រូវរបស់ពួកគាត់ទើប តែ ចាប់ផ្តើមផើម បើដាក់ទឹកមិនទាន់ពេលវេលានោះទេ គឺអាចប្រឈមនឹងការខូចខាតទាំងស្រុង ។

បើតាមការបញ្ជាក់របស់លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានធ្វើអោយដឹងថា៖ ដោយ សារប្រជាពលរដ្ឋ គាត់បានធ្វើស្រូវប្រាំងហួសពីលទ្ធភាពរបស់ប្រព័ន្ធធារាសាស្ត្រផ្គត់ផ្គង់ទឹក ទើបធ្វើអោយស្រូវរបស់ ពួកគាត់មួយចំនួនខ្វះខាតទឹក ហើយកន្លងមក ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិតអភិបាលខេត្ត មន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត បានយកគ្រឿងចក្រទៅទប់ទឹកទុកនៅតាមអូរ ចំនួន ៤កន្លែង ធ្វើប្រជាកសិករ ដាំ បន្លែ ចំនួន ៤ភូមិ ក្នុងឃុំស្ទឹងត្រង់ មានទឹកសម្រាប់ស្រោចស្រពដំណាំបន្លែរបស់ពួកគាត់ឡើងវិញ ចំណែកស្រូវប្រាំង ដែលកំពុង ខ្វះ ខាតទឹក មន្ទីរកំពុងរកដំណោះស្រាយ ធ្វើការជួយសង្គ្រោះអោយបានទាន់វេលា៕