Spiderman សង្គ្រោះកុមារពីយ៉រនៅទីក្រុងប៉ារីស

60

បុរសម្នាក់កំពុងទាក់ទាញការកោតសរសើរគ្រប់ទីកន្លែងបន្ទាប់ពីគាត់បានឡើងលើអគារអាផាតមិននៅទីក្រុងប៉ារីសដើម្បីជួយសង្គ្រោះកូនក្មេងដែលព្យួរជាប់យ៉រ។

វីដេអូនៃឧបទ្ទវហេតុនេះត្រូវបានគេថតបានកាលពីថ្ងៃសៅរ៍នៅប៉ែកខាងជើងទីក្រុងប៉ារីសហើយត្រូវបានបង្ហោះតាមអ៊ិនធើណេត។បុរសនោះបានឡើងដល់ជាន់ទី 4 ដោយដៃទទេដើម្បីជួយសង្រ្គោះក្មេងប្រុសអាយុ 4 ឆ្នាំម្នាក់ព្យួរពីយ៉រជាន់ទី5។

គាត់បានច្បាមយកក្មេងនេះដោយមានជំនួយពីអ្នករស់នៅជិតផ្ទះមួយ។

លោក Mamoudou Gassama អាយុ 22 ឆ្នាំគឺជាជនអន្តោប្រវេស្តន៍មកពីប្រទេសអាហ្វ្រិកភាគខាងលិចនៃប្រទេសម៉ាលីដែលបានផ្លាស់ទៅរស់នៅទីក្រុងប៉ារីសកាលពីប៉ុន្មានខែកន្លងទៅនេះ។គាត់បាននិយាយថាគាត់បានធ្វើសកម្មភាពភ្លាមៗនៅពេលគាត់បានកត់សម្គាល់ឃើញហ្វូងមនុស្សដែលមានការព្រួយបារម្ភ ប្រមូលផ្តុំនៅពីមុខអគារ។ វីដេអូនេះត្រូវបានចែកចាយបន្តគ្នានៅលើបណ្តាញសង្គម ដោយមនុស្សជាច្រើនបានហៅគាត់ថា Spiderman។

ចៅហ្វាយក្រុងប៉ារីសលោកស្រី Anne Hidalgo និយាយថាកាយវិការដ៏ក្លៀវក្លារបស់គាត់គឺជាគំរូមួយសម្រាប់ប្រជាពលរដ្ឋទាំងអស់ ហើយទីក្រុងប៉ារីសនឹងរីករាយជួយគាត់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់គាត់ក្នុងការតាំងលំនៅនៅប្រទេសបារាំង។ប្រធានាធិបតីបារាំងលោក Emmanuel Macron ក៏នឹងអញ្ជើញបុរសនោះទៅវិមានប្រធានាធិបតីដើម្បីផ្តល់ការដឹងគុណដោយផ្ទាល់៕