សម្ដេចហ៊ុន សែន ជំរុញឲ្យឥណ្ឌាបង្កើនការវិនិយោគមកកម្ពុជា

77

សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន បានជំរុញឲ្យឥណ្ឌាបង្កើនការវិនិយោគមកកាន់កម្ពុជា ដោយសម្ដេចអះអាងពីស្ថេរភាពនយោបាយល្អ ជាមួយនឹងកំណើនសេដ្ឋកិច្ច។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែនលើកឡើងបែបនេះនៅក្នុងហ្វេសប៊ុករបស់ខ្លួននាល្ងាចថ្ងៃទី ២៧ មករា ក្នុង «វេទិកាធុរកិច្ចឥណ្ឌា-កម្ពុជា» ក្នុងប្រទេសឥណ្ឌា ដែលរៀបចំដោយ រដ្ឋាភិបាលឥណ្ឌា និងមានការចូលរួមពី សម្ព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា សហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌា និងសហព័ន្ធឧស្សាហកម្មឥណ្ឌា។

សម្ដេចហ៊ុន សែនថា វេទិកាធុរកិច្ចនេះ ផ្តល់ឱកាសអោយពាណិជ្ចករ និងអ្នកវិនិយោគទុនឥណ្ឌាមានឱកាសបានស្វែងយល់ពីសក្តារនុពលទាំងឡាយនៅកម្ពុជា និង ជាឱកាសដ៏ល្អបំផុតសម្រាប់ពាណិជ្ជករ និងអ្នកវិនិយោគគិនឥណ្ឌាមកបណ្តាក់ទុននៅកម្ពុជា។

សម្ដេច ហ៊ុន សែន បានលើកឡើងថាកន្លងមកមានគម្រោងឯកជនប្រមាណ ៥ ដែលវិនិយោគនៅកម្ពុជាក្នុងទឹកប្រាក់ប្រមាណ ១០៥ លានដុល្លារ ប៉ុន្តែលោកចង់ឃើញក្រុមហ៊ុនឥណ្ឌាជាច្រើនទៀតមកកម្ពុជា និង ចង់អោយមានជើងហោះហើរ ត្រង់ពីឥណ្ឌាទៅកម្ពុជា ដើម្បីជួយសម្រួលអ្នកទេសចរណ៍ និងពាណិជ្ជករកាន់តែងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញទៀតផង។

សម្ដេចហ៊ុន សែនបន្តថា សក្តានុពលដែលអាចអោយអ្នកវិនិយោគឥណ្ឌាមកកាន់កម្ពុជាបាន មានដូចជាវិស័យទេសចរណ៍ ព័ត៌មានវិទ្យា កុំព្យូទ័រ សូសវែ (software) កសិកម្ម និងវិស័យផ្សេងៗទៀត។

ជាមួយគ្នានោះសម្ដេច ហ៊ុន សែន ក៏បានបញ្ជាក់ពីស្ថេរភាពនយោបាយល្អនៅកម្ពុជា ជាមួយកំណើនសេដ្ឋកិច្ចហ្នឹងល្អ មានការបើកចំហរអោយប្រើប្រាស់រូបិយប័ណ្ណបរទេស ដោយមិនតម្រូវឲ្យប្តូរមកប្រាក់រៀល ហើយពាណិជ្ជករបរទេសអាចមានសិទ្ឋិវិនិយោគ១០០% ដោយមិនបាច់មានពាណិជ្ជករក្នុងស្រុកឈរភាគហ៊ុនជាមួយ។

បន្ថែមលើនោះសម្ដេច ហ៊ុន សែន ក៏បានបង្ហាញពីភាពសំបូរធនធានមនុស្សដែលជាកម្លាំងពលករប្រមាណ ៧០% ដែលអាចជួយអោយកិច្ចការវិនិយោគនៅកម្ពុជាទទួលបានជោគជ័យផងដែរ៕