ចិនព្រមទទួលពិនិត្យសំណើររបស់កម្ពុជាដែលចង់នាំចូលកសិផលទៅលក់នៅចិនដោយមានការអនុគ្រោះពន្ធ

71

(ភ្នំពេញ)៖ រដ្ឋាភិបាលចិន បានយល់ព្រមទទួលយកទៅពិនិត្យក្នុងការរៀបចំអនុវត្តពិធីសារនៃអនុស្សរណៈស្តីអំពីការនាំចេញទំនិញកសិផលពីកម្ពុជាទៅកាន់ប្រទេសចិនដោយអនុ​គ្រោះពន្ធចំនួន ៨.០៣០មុខទំនិញ ដែលបានចុះហត្ថលេខាកាលពីខែមិនាឆ្នាំ២០១៦។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្មកម្ពុជានៅថ្ងៃទី២១ ធ្នូនេះ។

ការប្រកាសរបស់រដ្ឋាភិបាលចិនបែបនេះ គឺធ្វើឡើងក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី និងលោកស្រី Gao Yan អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្ដីការក្រសួងពាណិជ្ជកម្ម នាទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២១ ធ្នូនេះ។

ក្នុងជំនួបនោះ ភាគីចិនសន្យាជួយគាំទ្រគម្រោងនានា ដែលក្រសួងកសិកម្មកម្ពុជាបានស្នើសុំហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ បន្ថែមពីនេះភាគីចិនក៏បានប្រកាសពីការជួយកម្ពុជាក្នុងការរៀបចំធ្វើផែនការមេនៃការធ្វើទំនើបកម្មវិស័យកសិកម្មរបស់កម្ពុជាឲ្យកាន់តែទំនើបដើម្បីបង្កើនជីវភាពរបស់ប្រជាជនឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕