សមត្ថកិច្ចស្រុកកំពង់លែង បដិសេដលើហ្វេសបុកឈ្មោះ ”Ah boy” ករណីអំពើហឹង្សា៣០នាក់ វ៉ៃម្នាក់ ដាច់ស្លឹកត្រចៀក ប្តឹងសមត្ថកិច្ចមិនដោះស្រាយ

97

 

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច រួមទាំងអជ្ញាធរ ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សូមធ្វើការបដិសេដ ចំពោះអាកខោនហ្វេសបុក ឈ្មោះ”Ah boy” ដែលសសេរខ្លឹមសារថា ៖ “សាលាឃុំប្រឡាយមាស ចរិតដូចឆ្កែគ្នា ៣០នាក់វ៉ៃមនុស្សតែម្នាក់ឯង ទៅដាក់ពាក្យបណ្ដឹង ធ្វើមិនដឹងធ្វើមិនឮ សាលាឃុំប្រឡាយមាស ទៅដាក់ពាក្យបណ្តឹង មិនទទួលខុសត្រូវឲ្យទេ ពួក អាចុយម្រាយ ចាំតែមើលទៅអញមិនឱ្យអែងរួចខ្លួនបានទេអញ ហ៊ានភ្នាល់ជីវិត។ ស្រួលដែរ គេចូលវ៉ៃដល់មុខផ្ទះ វ៉ៃឡើងសន្លប់ ហើមមុខ និងដាច់ស្លឹកត្រចៀកមួយចំហៀង អស់លុយតែមួយលានរៀល ជនបង្កដេកផ្ទះស្រួលខ្លួន ម្យ៉ាងបស់គេដែរតើ ភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង”។

លោកប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែង បានឲ្យដឹងនារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នេះថា៖ ពាក់ព័ន្ធករណីហឹង្សាខាងលើនេះនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ភាគីជនរងគ្រោះ និងភាគីបង្ក បានសម្របសម្រួលធ្វើកិច្ចសន្សាបញ្ចប់រឿងរួចរាល់អស់ហើយ ដោយក្នុងនោះភាគីជនរងគ្រោះ ព្រមទទួលយកសំណងតែ៣០ម៉ឺនរៀល សម្រាប់ឲ្យថ្លៃពេទ្យតែប៉ុណ្ណោះ ដោយសារតែជាញាតិជិតខាង និងជាបងប្អូនគ្នាផងដែរ។

ដូចច្នេះសមត្ថកិច្ច រួមទាំងអជ្ញាធរ សូមច្រានចោលទាំងស្រុង ពាក់ព័ន្ធក្នុងការបង្ហោះខ្លឹមសាររបស់ម្ចាស់អាកខោនហ្វេសបុក ឈ្មោះ ”Ah boy” នេះសសេរខាងលើគ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងនាំឲ្យសាធារណៈជន ជាពិសេសអ្នកលេងសង្គមហ្វេសបុក មានការភាន់ច្រឡំមកលើសមត្ថកិច្ច ក្នុងមូលដ្ឋាន ដែលខិតខំ រកដំណោះស្រាយជូនប្រជាពលរដ្ឋស្របតាមនិតិវិធី និងដោយសន្តិវិធី។

គួររំលឹកផងដែរ កាលពីម៉ោងប្រមាណជាង៩យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្ទះ ឈ្មោះយិន ដៀប ស្ថិតក្នុងភូមិសាស្រ្តភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានករណីអំពើហឹង្សាមួយកើតឡើង បង្កដោយជនសង្ស័យ២ក្រុមវាយតប់គ្នា បណ្តាលឲ្យរងរបួសទាំងសងខាង។

យោងតាមរបាយការណ៍សមត្ថកិច្ចឲ្យដឹងថា៖ នៅថ្ងៃកើតហេតុមានឈ្មោះ ឡេង សារ៉ុម ភេទប្រុស អាយុ៣២ឆ្នាំ បានជិះម៉ូតូ១គ្រឿង ដឹកឈ្មោះឡេង សារ៉េត ភេទប្រុស អាយុ៣៣ឆ្នាំ (ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា) រស់នៅភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាមួយគ្នាក្នុងស្ថានភាពស្រវឹង មកឈប់តាមដងផ្លូវក្នុងភូមិប្រឡាមាស ម្តុំមុខផ្ទះ ឈ្មោះយិន ដៀប ស្ថិតក្នុងភូមិ ប្រឡាមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ គ្រានោះ ឈ្មោះ ឡេង សារ៉េត បានដើរចេញពី ម៉ូតូប្រហែល២០ម៉ែត្រ ទៅឈរក្បែរម៉ូតូ១គ្រឿងទៀត ហើយបានយកដៃវ៉ៃក្បាលម៉ូតូនោះ រួចស្រែកជេរប្រមាថទៅលើឈ្មោះ ហ៊ឹម សំអាង ភេទប្រុស អាយុ៣៧ឆ្នាំ ដែលកំពុងអង្គុយផឹក នៅក្បែរនោះ ម្តងហើយម្តងទៀត ជាច្រើនលើកច្រើនសារ ឈ្មោះ ហ៊ឹម សំអាង លឺដូច្នេះក៏បានដើរសួរនាំរឿងហេតុ ពេលនោះក៏កើតមានការប្រវាយប្រតបគ្នា ទៅវិញទៅមកទើបមានអ្នកជួយឃាត់បំបែក។ ភ្លាមនោះស្រាប់តែឈ្មោះ ឡេង សារ៉ុម បានកាន់កន្ត្រៃដើរសំដៅទៅរកឈ្មោះ ហ៊ឹម សំអាង ឃើញដូច្នេះ បានស្រែក ហៅឈ្មោះ វ៉ាន់ គក់ ភេទប្រុស អាយុ៣៧ឆ្នាំ ជាប្រជាការពារភូមិប្រឡាយមាស ឲ្យជួយឃាត់ ពេលឈ្មោះគក់ចូលទៅឃាត់ឈ្មោះ សារ៉ុម មិនស្តាប់ហើយក៏បានប្រវាយប្រតបជាមួយ ឈ្មោះ វ៉ាន់ គក់ ថែមទៀត ហើយពេលនោះឈ្មោះវ៉ាន់ គក់ ចាប់ឱប ឈ្មោះ រ៉ុម និងខាំស្លឹកត្រចៀកខាងឆ្វេង បណ្តាលឲ្យដាច់ ហើយក៏មានឈ្មោះ ឡេង សារ៉ាត ម្នាក់ទៀត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅទីតាំងនោះ បានហក់ដាល់ ប្រវាយប្រតបជាមួយឈ្មោះវ៉ាន់ គក់ បណ្តាលឲ្យរងរបួសទាំងសងខាងតែម្តងទៅ។

ក្រោយកើតហេតុជនបង្កហឹង្សាទាំងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកកំពង់លែង ដើម្បីរកដំណោះស្រាយផងដែរ៕