សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានរៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ(ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ) ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល

5

 

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា  ឆ្នាំ២០២៤
លោកជំទាវ លំ គន្ធារី  អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅថ្នាក់សាខាខេត្តកំពង់ធំ តំណាងឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក គណៈកម្មាធិការសាខា លោក លោកស្រីប្រធានគណៈ
កម្មាធិការអនុសាខាស្រុក មន្ត្រីប្រតិបត្តិសាខា អនុ
សាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម
បានចុះជួបសំណេះសំណាល សួរសុខទុក្ខស្ត្រី
សម្រាលកូន ស្រ្តីមានផ្ទៃពោះ សរុបចំនួន៨៦ នាក់​
ក្នុងនោះស្រ្តីសម្រាលកូនតូចចំនួន៤៦នាក់ និងស្រ្តីមានផ្ទៃពោះក្រោម៨ខែចំនួន៤០នាក់ ពិធីនេះប្រារព្ធធ្វើឡើងនៅមណ្ឌលសុខភាពគ្រើល ស្រុកតាំងគោក ខេត្តកំពង់ធំ។

​       នាឱកាសនោះ​ លោកជំទាវ លំ គន្ធារី  បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី​សំណាក់ឯកឧត្តម ងួន រតនៈ  ប្រធានគណៈកម្មាធិការសាខា និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ជូនដល់បងប្អូនស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជទាំងអស់​ ប្រកបដោយក្តីនឹករលឹក​ ។

ជាមួយគ្នានេះ​ លោកជំទាវ ក៏បានពាំនាំនូវការអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ដែលផ្ញើជូនបងប្អូនជនរួមជាតិដូចតទៅ៖ ១.សូមស្រ្តីមានផ្ទៃពោះទៅពិនិត្យសុខភាពយ៉ាងតិច៤ដង តាមពេលវេលាកំណត់ទទួលថ្នាំបង្ការជំងឺ និងការចម្លងមេរោគពីម្តាយទៅកូន ជាពិសេសការស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ និងជំងឺរលាកថ្លើមប្រភេទបេ។ ២.ក្រោយពេលសម្រាល សូមស្ត្រីជាមាតាទៅពិនិត្យសុខភាព យកទារកទៅចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខ តាមពេលវេលាកំណត់ បន្តពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូន បំបៅកូនដោយទឹកដោះម្តាយ។ ៣.សូមប្រញ៉ាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺផ្សេងទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ ៤.សូមយុវតី/ស្ត្រីក្នុងវ័យបន្តពូជដែលមានអាយុពី១៥ ទៅ៤៩ឆ្នាំ ដែលមានបញ្ហាសុខភាព ទៅពិគ្រោះយោបល់ ទទួលការថែទាំ ឬការព្យាបាលជំងឺនៅមណ្ឌលសុខភាព មន្ទីរពេទ្យ ឬគ្លីនិក។ សូមបន្តចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ និងសូមនាំកុមារីអាយុ៩ឆ្នាំទៅទទួលវ៉ាក់សាំង (HPV) បង្ការជំងឺមហារីកមាត់ស្បូនឱ្យបានគ្រប់ៗគ្នា ដើម្បីជៀសវាងជំងឺឆ្លង ជំងឺមិនឆ្លងនានាដែលជាមូលហេតុនៃមរណភាព និងពិការ។ ៥.សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិ
បាល គ្រូពេទ្យឆ្មប និងអ្នកផ្តល់សេវាថែទាំទាំង
អស់ ដែលមានក្រមសីលធម៌ វិជ្ជាជីវៈ និងការ
ទទួលខុសត្រូវខ្ពស់។ ៦.សូមអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់ជំរុញ និងបញ្ជូនស្ត្រីក្នុងវ័យបន្តពូជ (អាយុ
១៥ ទៅ៤៩ឆ្នាំ) ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនអាយុក្រោម២ឆ្នាំ មកទទួលសេវាថែទាំសុខភាពនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ឱ្យបានគ្រប់ៗគ្នា។ ៧. សូមមន្ត្រី-បុគ្គលិក តាមសាខា អនុសាខា និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សហការជិតស្និទ្ធជាមួយ មន្ត្រី-បុគ្គលិកសុខាភិបាល ក្នុងការចូលរួមផ្សព្វផ្សាយអប់រំសុខភាព ដល់គ្រប់ស្ត្រីគោលដៅទាំងអស់។ ៨. សូមស្ថាប័នជាតិ អន្តរជាតិ ពាក់ព័ន្ធទាំងអស់បន្តជួយវិនិយោគគាំទ្រដល់ការងារសុខភាពមាតា ទារក និងកុមារ ពិសេសជួយឧបត្ថម្ភ គាំទ្រដល់ការងារបណ្តុះបណ្តាលជំនាញ។

គួរបញ្ជាក់ផងដែរថា សម្ភារបានផ្តល់ជូនស្រ្តីកូនតូច និងស្រ្តីមានផ្ទៃពោះរួមមាន៖ អង្ករ២៥គីឡូក្រាម មី០១កេស ត្រីខ០១យួរ ទឹកស៊ីអីវ០១យួរ ទឹកត្រី០១យួរ ឃីតកូនង៉ែត០១កញ្ចប់ ក្នុងនោះមាន(កន្សែងពោះគោ០១ ម្សៅហ៊ុយ០១កំប៉ុង សារុង០១ ម៉ុងគ្រប០១ សាប៊ូកក់សក់០១ដប ឆុតមួក០១ ស្ករស១កញ្ចប់ ទឹកដោះគោខាប់០១កំប៉ុង និងថវិកាចំនួន៤០.០០០ រៀលផងដែរ។