ប្រជាពលរដ្ឋ៨រូបស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ត្រី ជូនសមត្ថកិច្ចដើម្បី ចូលរួមលុបបំបាត់ការប្រើប្រាស់ឧបករណ៍ខុសច្បាប់នេះបន្តទៀត

40

 

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋចំនួន៨រូប ក្នុងភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ត្រី ជូនសមត្ថកិច្ច ក្នុងនោះឧបករណ៍អាំងវែកទ័រឆក់ត្រជាក់ចំនួន០៧គ្រឿង និងឧបករណ៍អាំងវែកទ័រឆក់ត្រីប្រភេទក្តៅ ចំនួន០១គ្រឿង។

លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងឲ្យដឹងថា៖ ការប្រគល់ឧបករណ៍ឆក់ត្រីទាំងនេះនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយគណ:បញ្ជាការឯកភាពស្រុកជលគីរី បានចុះទៅដល់មូលដ្ឋាន ភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីជលផល ជាពិសេសផ្តោតលើការចលនាឲ្យអ្នកនេសាទដែលប្រើប្រាស់ឧបករណ៍ឆក់ត្រី ស្ម័គ្រចិត្តប្រគល់ជូនសមត្ថកិច្ច ដើម្បីរួមគ្នាលុបបំបាត់ការប្រើប្រាស់ឧបករណ៍ខុសច្បាប់នេះបន្តទៀត៕