ខេត្តកំពង់ឆ្នាំង៖ អាជីវករអ្នកលក់សាច់ជ្រូក បន្លែ ផ្លែឈើ នៅបរិវេណផ្សារក្រោម និងផ្សារលើ ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានកំពុងត្អូញត្អែរថា៖ នៅសល់តែរយៈពេល២ថ្ងៃទៀតចូលដល់ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាមហើយ នៅតែលក់មិនដាច់ទៀត ទីផ្សារទាំងមូលហាក់បីដូចជាស្ងាត់ជ្រងំ។
អាជីវករដែលលក់ដូរជាប្រចាំនៅផ្សារទាំង២នេះបានរៀបរាប់ស្រដៀងគ្នាថា៖ ឆ្នាំមុនៗឲ្យតែជិតដល់រដូវកាល នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាម ខិតជិតមកដល់គឺ ពួកគាត់លក់ដាច់ខ្លាំងណាស់ជាពិសេសសាច់ជ្រូក មាន់ទា បន្លែគ្រឿងទេសជាដើម រកតែពេលដកដង្ហើមពុំរួចផងទោះបីជាកាលនោះមានការផ្ទុះរីករាលដាលជំងឺកូវីដក៏ដោយ នៅតែមានមនុស្សម្នា! មកទិញគ្រឿងម្ហូបអាហារជាហូហែរ ខុសប្លែកអីឆ្នាំនេះពិតជាស្ងាត់ខ្លាំងណាស់ ដូចនេះហើយប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារយ៉ាងធ្ងន់ធ្ងរ។ ម៉្យាងវិញទៀតបន្លែ ត្រី សាច់ ឆ្នាំនេះក៏មានតម្លៃទាបជាងឆ្នាំមុនៗ ផងដែរ។
ដោយឡែកចំពោះអាជីវករលក់គ្រឿងសក្ការៈសែនព្រេន និងលក់ផ្កាស្រស់វិញបញ្ជាក់ថា៖ សម្រាប់មុខរបរគាត់វិញគឺលក់ដាច់ធម្មតា មិនខុសអីពីឆ្នាំមុនៗឡើយ គឺមានតែលក់ដាច់ជាងមុន។