អាមេរិកបានដាក់ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងពីររូប

29

កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងពីររូប ជុំវិញការជាប់ពាក់ព័ន្ធនៅក្នុងកម្មវិធីមីស៊ីលផ្លោងរបស់ប្រទេសឯកោមួយនេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក បានឱ្យដឹងថា ជាលទ្ធផលនៃសកម្មភាពទ្រព្យសម្បត្តិ ឬផលប្រយោជន៍របស់មន្ត្រីនេះ ត្រូវបានបង្កកនៅក្នុងសហរដ្ឋអាមេរិក ហើយប្រតិបត្តិការរបស់ជនជាតិអាមេរិក ដែលពាក់ព័ន្ធនឹងមនុស្សទាំងនេះ ក៏ត្រូវបានហាមឃាត់ជាទូទៅផងដែរ។

ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានឈានដល់កម្រិតមួយ ដែលមិនធ្លាប់មានពីមុនមកនៅឆ្នាំនេះ ខណៈដែលកូរ៉េខាងជើងបានបាញ់សាកល្បងនុយក្លេអ៊ែរ និងបាញ់មីស៊ីលជាច្រើន ហើយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់។ វិបត្តិក៏ត្រូវបានកើតឡើងកាន់តែអាក្រក់ឡើង ដោយការផ្លាស់ប្តូរការប្រមាថផ្ទាល់ខ្លួន និងសង្គ្រាមពាក្យសម្តីដែលប្រឈមមុខរវាងមេដឹកនាំនៃសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។

រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានប្រកាន់យកយុទ្ធសាស្ត្រនៃការដាក់សម្ពាធអតិបរិមាទៅលើកូរ៉េខាងជើង ដើម្បីបង្ខំឱ្យប្រទេសនេះ បោះបង់កម្មវិធីអាវុធរបស់ខ្លួន ប៉ុន្តែរហូតមកដល់ពេលនេះ បានបរាជ័យក្នុងការសំរេចគោលដៅរបស់ខ្លួន។

សូមបញ្ជាក់ថា ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់ប្រទេសនេះថា ប្រសិនបើសហរដ្ឋអាមេរិក មានបំណងចង់រស់នៅដោយសុវត្ថិភាពនោះ ខ្លួនត្រូវតែបោះបង់ចោលគោលនយោបាយអរិភាពរបស់ខ្លួន ចំពោះកូរ៉េខាងជើង ហើយរៀនរួមរស់គ្នាជាមួយប្រទេស ដែលមានអាវុធនុយក្លេអ៊ែរ ហើយគួរតែក្រោកចេញពីសុបិនពីប្រទេសរបស់យើង ដែលចង់ឲ្យបោះបង់អាវុធនុយក្លេអ៊ែរ ដែលយើងបានខិតខំអភិវឌ្ឍយ៉ាងលំបាក និងបានបញ្ចប់ការផលិតគ្រាប់ដោយជោគជ័យ៕