សហរដ្ឋអាមេរិកប្រមូលសាច់គោឆៅជាង 5 លានគីឡូក្រាមបន្ទាប់ពីការផ្ទុះឡើងនៃជំងឺបាត់តេរីក្នុងពោះវៀន

42

អាជ្ញាធរបាននិយាយនៅថ្ងៃអង្គារទី 4 ខែធ្នូថា ផលិតផលសាច់គោឆៅជាង 5 លានគីឡូក្រាមត្រូវបានប្រមូលមកវិញនៅសហរដ្ឋអាមេរិកបន្ទាប់ពីមនុស្សរាប់រយនាក់បានធ្លាក់ខ្លួនឈឺដោយសារការឆ្លងជំងឺបាត់តេរីក្នុងពោះវៀន។

ក្រសួងសេវាកម្មអធិការកិច្ចនិងសុវត្ថិភាពចំណីអាហារសហរដ្ឋអាមេរិក (FSIS) បានចេញផ្សាយនៅលើគេហទំព័ររបស់ពួកគេថា ករណីនៃការផ្ទុះជំងឺនេះត្រូវបានគេរាយការណ៍ថាមានយ៉ាងហោចណាស់រដ្ឋចំនួន 25 ដែលមានអ្នកជំងឺចំនួន 246 នាក់ត្រូវបានកំណត់អត្តសញ្ញាណ។

FSIS បានបន្ថែមថា “សាច់គោឆៅកែច្នៃរួមទាំងសាច់គោចិញ្ចឹមត្រូវបានវេចខ្ចប់តាមកាលបរិច្ឆេទខុសៗគ្នាចាប់ពីថ្ងៃទី 26 ខែកក្កដាដល់ថ្ងៃទី 7 ខែកញ្ញា”។ មនុស្សទាំងនោះបានធ្លាក់ខ្លួនឈឺរវាងថ្ងៃទី 5 ខែសីហានិងថ្ងៃទី 16 ខែតុលា។

សារព័ត៌មាន Washington Post បានរាយការណ៍ថា ម៉ាក់យីហោដែលត្រូវបានគេប្រមូលយកមកវិញរួមមាន Kroger Laura’s Lean និង JBS ផងដែរ។

ក្រុមហ៊ុនផ្គត់ផ្គង់សាច់ JBS Tolleson ជាក្រុមហ៊ុនតំបូងគេដែលប្រមូលសាច់គោខូចគុណភាពនៅក្នុងខែតុលាដែលជាកន្លែងប្រមូលសាច់បានប្រហែល 5 លានគីឡូក្រាម។

FSIS បាននិយាយថាវាមានការព្រួយបារម្ភថាផលិតផលមួយចំនួនដែលខូចគុណភាពប្រហែលជានៅក្នុងទូទឹកកករបស់អតិថិជន។

FSIS បាននិយាយថា “អតិថិជនដែលបានទិញផលិតផលទាំងនេះត្រូវបានជម្រុញមិនឱ្យប្រើប្រាស់វា។ ផលិតផលទាំងនេះគួរតែត្រូវបោះចោល ឬត្រលប់ទៅកន្លែងទិញវិញ”។

រោគសញ្ញាទូទៅច្រើនបំផុតក្នុងអំឡុងពេល 12 ទៅ 72 ម៉ោងបន្ទាប់ពីទទួលទានអាហារដែលមានមេរោគបាត់តេរីគឺរាគ រមួលពោះ និងគ្រុនក្តៅជាដើម។

ជំងឺនេះជាធម្មតាមានរយៈពេលពី 4 ទៅ 7 ថ្ងៃ ហើយមនុស្សភាគច្រើនធូស្រាលវិញដោយគ្មានការព្យាបាល។

ទោះបីជាយ៉ាងណាក៏ដោយ FSIS បាននិយាយថាសម្រាប់អ្នកជំងឺមួយចំនួន ជំងឺរាគរូសអាចនឹងធ្ងន់ធ្ងរខ្លាំងដែលអាចត្រូវការចូលសម្រាកក្នុងមន្ទីរពេទ្យ។

មនុស្សវ័យក្មេង ទារកនិងអ្នកដែលមានប្រព័ន្ធភាពសុំាខ្សោយទំនងជាវិវត្តទៅជាជំងឺធ្ងន់ធ្ងរ៕