លោក ស៊ុយ សែម ដឹកនាំកិច្ចប្រជុំ ស្តីពីវិធានការបន្ទាន់ ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធស្រូវអង្ករសម្រាប់រដូវប្រមូលផលស្រូវ

46

នៅថ្ងៃទី១១ មករា ឆ្នាំ២០១៨ នាអគ្គនាយកដ្ឋានប្រេងកាត លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានដឹកនាំកិច្ចប្រជុំ ស្តីពីវិធានការបន្ទាន់ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធស្រូវអង្ករសម្រាប់រដូវប្រមូលផលស្រូវ ដែលបាននឹងកំពុងឈានចូលមកដល់នាពេលខាងមុខឆាប់ៗនេះ។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងវិស័យស្រូវអង្ករប្រកបដោយភាពហ្មត់ចត់តាមរយៈការដាក់ចេញនូវកម្មវិធីពិសេសពាក់ព័ន្ធវិស័យនេះ ដោយរៀបចំយន្តការអន្តរាគមន៍ ដែលមានភាពប្រទាក់ក្រឡាក្នុងចំណោមក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធនានា ដើម្បីជួយដល់ប្រជាកសិករក្នុងការប្រមូលទិញស្រូវក្នុងរដូវប្រមូលផលនេះ។

ឯកឧត្តមបានមានប្រសាសន៍ថា ផ្អែកតាមចំណាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចុះថ្ងៃទី២៤ កក្កដា ឆ្នាំ២០១៧ លើលិខិតលេខ ៦៥៥០ សហវ-អគស ចុះថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៧ របស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីសំណើសុំគោលការណ៍រៀបចំយន្តការអន្តរាគមន៍ក្នុងការប្រមូល ក្រសួងមហាផ្ទៃសូមធ្វើការណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តជាបន្ទាន់នូវកចិ្ចការមួយចំនួន រួមមាន៖

១.ផ្តល់ការណែនាំដល់អាជ្ញាធរស្រុក ឃុំ ដើម្បីផ្តល់កិច្ចសហការរៀបចំជាបណ្តាញកសិករ ដើម្បីប្រមូលផ្តុំគ្នាលក់ស្រូវនៅទីតាំងសំខាន់ៗ ដោយមានការសម្របសម្រួលពីធនាគារអភិវឌ្ឍន៍ជនបទ អ្នកប្រមូលទិញស្រូវ និងរោងម៉ាស៊ីនកិនស្រូវដែលជាដៃគូ ដើម្បីប្រមូលទិញស្រូវក្នុងតម្លៃទីផ្សារ, ២.ត្រូវជំរុញ តាមដាន ត្រួតពិនិត្យ ដល់អាជ្ញាធរឃុំ ភូមិ ដើម្បីចុះសហការសម្របសម្រួល និងគាំទ្រដោយផ្ទាល់ដល់ប្រជាកសិករក្នុងការដឹកជញ្ជូនស្រូវពីស្រែមកកន្លែងប្រមូលផ្តុំ និងកន្លែងលក់ឲ្យបានទាន់ពេលវេលា, ៣.ត្រូវសម្រួលឲ្យឈ្មួញបរទេសស្របច្បាប់បន្តចូលមកប្រមូលទិញស្រូវក្នុងតម្លៃសមរម្យ ហើយខិតខំការពារតម្លៃស្រូវរបស់កសិករខ្មែរ, ៤.ជំរុញឲ្យមានសកម្មភាពជាប្រចាំនូវយុទ្ធនាការ ទិញអង្ករខ្មែរ ជួយកសិករខ្មែរ, ៥.ខិតខំសម្របសម្រួលជាមួយអ្នកប្រមូលទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវតាមគោលដៅនីមួយៗ ដើម្បីឲ្យកសិករអាចលក់ស្រូវបានទាន់ពេលវេលា និងក្នុងតម្លៃសមរម្យ, ៦.ចូលរួមសហការជាមួយក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខិតខំរកមធ្យោបាយជួយដឹកជញ្ជូនស្រូវពីស្រែកសិករមកកាន់កន្លែងប្រមូលផ្តុំកន្លែងលក់ ក្នុងពេលដែលរដូវប្រមូលផលកំពុងតែមមាញឹកនេះ ​និង៧.ត្រូវចាត់វិធានការឲ្យបានហ្មត់ចត់ក្នុងការទប់ស្កាត់ និងលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ ដើម្បីយកកម្រៃពីការដឹកជញ្ជូនស្រូវ អង្ករ កសិផល ផលិតផល និងទំនិញផ្សេងៗ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តនូវកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅរក្សាស្ថេរភាពតម្លៃស្រូវ និងជំរុញការទិញស្រូវក្នុងប្រទេស ដោយបញ្ចេញនូវថវិកាចំនួន ២៧លានដុល្លារអាមេរិក ក្នុងនោះមានប្រាក់បំរុងរបស់រាជរដ្ឋាភិបាលចំនួន ២០លានដុល្លារ និងប្រើប្រាស់ទុនរបស់ធនាគារអភិវឌ្ឍន៍ជនបទ ចំនួន ៧លានដុល្លារ ជាឥណទានកាតាលិករ ជួយជំរុញស្ថេរភាពវូបនីយកម្មថ្លៃស្រូវ និងជំរុញការទិញស្រូវក្នុងស្រុក ដោយអនុញ្ញាតឲ្យធនគារអភិវឌ្ឍន៍ជនបទ ជាប្រតិបត្តិករ អនុវត្តគម្រោងនេះដោយផ្ទាល់៕