រដ្ឋាភិបាលដាក់គោលដៅបង្កើនផលិតផលកៅស៊ូដល់ ២៩ម៉ឺនតោនក្នុងឆ្នាំ២០២០

61

ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទលោក យឹម ឆៃលី បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា ដាក់គោលដៅបង្កើនផ្ទៃដីដាំដុះកៅស៊ូឲ្យបាន បរិមាណផលិតផល ២៩ម៉ឺនតោន នៅឆ្នាំ២០២០ ខណៈបច្ចុប្បន្ន​កម្ពុជាប្រមូលផលបានត្រឹមជិត ១២ម៉ឺនតោន។

លោក យឹម ឆៃលី បានលើកឡើងបង្ហាញការរំពឹងទុកបែបនេះនាថ្ងៃទី២៦ ខែមករា ក្នុង ឱកាសសម្ពោធ​ដាក់ឲ្យ​ដំ​ណើរ​ការជាផ្លូវការ រោងចក្រកែច្នៃកៅស៊ូស្ទោង ស៊ីអស៊ីខេ២ របស់ក្រុមហ៊ុនកៅស៊ូ ជីសេ របស់វៀតណាមដែលស្ថិត​ក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Freshnews។

ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទលោក យឹម ឆៃលី បានថ្លែងថា៖ «គោលដៅរបស់រាជ​រដ្ឋា​ភិបាល គឺត្រូវធ្វើយ៉ាងណាបង្កើនផ្ទៃដីដាំដុះកៅស៊ូឲ្យបានច្រើន ដោយកំណត់បរិមាណផលិតផលចំនួនប្រមាណ ២៩​​ម៉ឺនតោន នៅឆ្នាំ២០២០»។

តាមការចុះផ្សាយដដែលលោក ង្វៀន យីលិញ អគ្គនាយកក្រុមហ៊ុនកៅស៊ូ ជីសេ របស់វៀតណាមនៅខេត្ត កំពង់ធំ បានឲ្យដឹងថា ក្រុមហ៊ុនកៅស៊ូនេះបានចាប់ផ្តើមអនុវត្តគម្រោងនៅឆ្នាំ២០០៩ និងបានដាំដុះកៅស៊ូនៅឆ្នាំ២០១០ និងបញ្ចប់ការដាំនៅឆ្នាំ២០១៤ លើផ្ទៃដីប្រមាណ ១២,៦៦៨ហិចតា ហើយបើគិតមកដល់ឆ្នាំ២០១៧ ក្រុមហ៊ុន​បានចំណាយទុនវិនិយោគចំនួន ១២០លានដុល្លាអាមេរិក។

តាមការចុះផ្សាយដដែលលោក ង្វៀន យីលិញ បន្ថែមថាត្រឹមឆ្នាំ២០១៧នេះ ក្រុមហ៊ុនប្រមូលផលជ័រកៅស៊ូ បាន ៣ ៨៧៦ហិចតា ដែលមានបរិមាណ ២ ៣៦៧តោន។

បើតាមការចុះផ្សាយរបស់ទីផ្សារកៅស៊ូពិភពលោក (Global Rubber Markets) កាលពីខែតុលា ឆ្នាំ ២០១៧ បាន​ឲ្យ​ដឹងថា ចាប់ពីខែ​ មករាដល់ ខែកញ្ញាឆ្នាំ២០១៧​ កម្ពុជាប្រមូលផលពីដំណាំកៅស៊ូបានជិត ១១ម៉ឺន៦ពាន់តោន (១១៥, ៨៤៣តោន) ហើយនាំចេញបានជិត ១១ម៉ឺន៥ពាន់តោន (១១៤, ៩៩១តោន) និងរកចំណូលបាន ១៩២​ លានដុល្លារអាមេរិក ដែលចំនួននៃការនាំចេញនេះកើតឡើង​៣០ភាគរយ៕