អតិផរណានៅកម្ពុជាក្នុងឆ្នាំ២០១៧ទាបជាងការរំពឹងទុក

222

កម្រិតអត្រាអតិផរណានៅកម្ពុជាក្នុងឆ្នាំ២០១៧កម្រិត២,៩% ដែលជាអត្រាមួយទាបជាងការរំពឹងទុកដែលត្រូវបានព្យាករថា មានកំណើន៣,៨%។ អត្រានេះ ក៏ទាបជាងកាលពីឆ្នាំ ២០១៦ បន្តិចផងដែរ មានប្រមាណ ៣ភាគរយ ដោយសារតែការកើនយឺតនៃតម្លៃម្ហូបអាហារ បន្លែ ត្រី សាច់និងអង្ករ ក៏ដូចជាប្រេងឥន្ធនៈជាដើម។

យោងតាមតួលេខធនាគារជាតិនៃកម្ពុជាបង្ហាញថា ក្រុមម្ហូបអាហារនៅតែបន្តរួមចំណែកធំជាងគេប្រ មាណ ២ភាគរយ នៃកម្រិតអតិផរណារួម ដែលរុញច្រានដោយការបន្តឡើងថ្លៃ បន្លៃ ត្រី សាច់ និងអង្ករ បន្ទាប់មកក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងឥន្ធនៈ បានរួមចំណែកបន្តិចបន្តួចប្រមា ណ ០,២ភាគរយ បណ្តាលមកពីការឡើងថ្លៃប្រេងសាំង និងសេវាដឹក ជញ្ជូន ខណៈថ្លៃឧស្ម័នបន្តធ្លាក់ចុះ។

លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថាស្ថានភាពសេដ្ឋកិច្ចកម្ពុជាបន្តមានការរីកចម្រើនយ៉ាងរឹងមាំ ស្របពេលដែលអត្រាអតិផរណាត្រូវបានរក្សាក្នុងកម្រិតទាប ២,៩% ហើយអត្រាប្តូរប្រាក់ត្រូវបានរក្សាឱ្យមានស្ថិរភាព ជាមធ្យម ៤០៥០រៀលក្នុងមួយដុល្លារអាមេរិក ដែលបង្កបរិយាកាសអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។

សម្រាប់ឆ្នាំ ២០១៨នេះ អត្រាអតិផរណា ត្រូវបានរំពឹងថា នឹងមានកម្រិតប្រហាក់ប្រហែលឆ្នាំ ២០១៧ ដោយមានកម្រិតប្រមាណ ៣ភាគរយ ដោយសារការផ្គត់រូបិយវត្ថុស្ថិតក្នុងកម្រិតសម ស្រប គួបផ្សំនឹងការថយល្បឿននៃការឡើងថ្លៃប្រេង។ សេដ្ឋកិច្ចកម្ពុជា បានបន្តកើនឡើងប្រមាណ ៦,៩ភាគរយ នៅឆ្នាំ ២០១៧ គាំទ្រជាចម្បងដោយវិស័យកាត់ដេរ សំណង់ ទេសចរណ៍ និងធនាគារ៕